អ៊ីស្រាអែលថា ការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យហ្គាហ្សា គឺស្របតាមច្បាប់អន្តរជាតិ! 

លោក Ophir Falk ទីប្រឹក្សាគោលនយោបាយការបរទេសរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា ការវាយប្រហារដ៏សាហាវៗរបស់អ៊ីស្រាអែល លើមន្ទីរពេទ្យឥណ្ឌូណេស៊ី នៅភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប គឺ“អនុលោមតាមច្បាប់អន្តរជាតិ”។

លោក Falk បាននិយាយថា “ការវាយប្រហារទម្លាក់គ្រាប់បែក របស់យើងទៅលើមន្ទីរពេទ្យទាំងនោះ ។
គឺកំពុងអនុវត្តតាមច្បាប់អន្តរជាតិទាំងស្រុង ក្នុងគោលបំណងកម្ចាត់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ។
ហើយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបែងចែកច្បាស់ណាស់លើ គោលដៅរវាងជនស៊ីវិល និងក្រុមភេរវករ” ។

ទីប្រឹក្សារូបនេះបានបញ្ជាក់ថា “នៅពេលបើកការវាយប្រហារ កងកម្លាំងរបស់យើងបានបែងចែកច្បាស់ណាស់ថា កន្លែងណាជាគោលដៅជនស៊ីវិល និងកន្លែងណាជាទិសដៅលើក្រុមភេរវករ ហើយដំណើរការទម្លាក់គ្រាប់បែករបស់កងកម្លាំងយើង គឺដាក់គោលដៅកម្ចាត់ក្រុមហាម៉ាស់”។

យ៉ាងណាមិញ យោងតាមអាជ្ញាធរសុខភាពតំបន់ហ្គាហ្សាបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសពីសំណាក់កងកម្លាំងអ៊ីស្រាអែល។
ទៅលើមន្ទីរពេទ្យឥណ្ឌូណេស៊ី មិនបានសម្លាប់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាសនោះទេ ប៉ុន្តែបែរជាឆក់យកជីវិតជនស៊ីវិលប្រមាណ១២ នាក់ ហើយក្នុងនោះរួមទាំងអ្នកជំងឺ និងសមាជិកបុគ្គលិកពេទ្យម្នាក់ផងដែរ។

គួរជម្រាបថា រហូតមកដល់ពេលនេះ អ៊ីស្រាអែល នៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ។

ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០នាក់។

ក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាបានឲ្យដឹងទៀតថា ចាប់តាំងពីពេលនោះមក ជនស៊ីវិលលើស ១៤,១០០ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារ និងស្ត្រីសរុប ៩,៧៦០ នាក់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០នាក់បានបាត់បង់ជីវិត ។

ក្រៅ​ពី​ចំនួន​អ្នក​ស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣០,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕

Leave a Reply

Your email address will not be published. Required fields are marked *