(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គីឡូម៉ែត្រ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គីឡូម៉ែត្រ។
ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាៈ ថ្ងៃ ២២វិច្ឆិកា ២០២៣ ជាថ្ងៃពិសេសមួយដែលបង្ហាញពីនិ ម្មិតរូបនៃការបន្តអភិវឌ្ឍន៍, និម្មិតរូបនៃការបន្តទំនាក់ទំនងជាមួយបណ្ដាប្រទេសនានា, និម្មិតរូបនៃខួបទី ៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និម្មិតរូបនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលកាន់តែរឹងមាំ។
សម្ដេចធិបតី ក្នុងឋានៈជានាយករដ្ឋមន្ត្រី ខ្ញុំបានប្រាប់ភាគីមិត្តនៅតាម បណ្ដាប្រទេសនានាថា កម្ពុជាប្រកាន់ជំហរនយោបាយការបរទេស ដោយឈរលើគោលការណ៍និរន្តរភាព និងចីរភាព។
សម្តេចធិបតី នាយករដ្ឋមន្រ្តី៖ កំណាត់ផ្លូវជាតិលេខ៥ គឺជាសមិទ្ធផលរួមគ្នារវាងរដ្ឋាភិបាលកម្ពុជា-ជប៉ុន ខណៈសមិទ្ធផលនេះ គឺកើតចេញជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ប្រទេសទាំងពីរ។
សម្ដេចធិបតី បញ្ជាក់ថា កម្ពុជាមានការគ្រប់គ្រងលើការខ្ចីបុលពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន និងមិនបំពានចំពោះច្បាប់នៃការគ្រប់គ្រងថវិការបស់កម្ពុជានោះ ឡើយ។
សម្ដេចធិបតី បញ្ជាក់ថាការខ្ចីបុលថវិកាពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស។
សម្តេចធិបតី រយៈពេល៣ខែដំបូង នៃការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ រាជរដ្ឋាភិបាលមិនបានសម្រាកទេ ប៉ុន្ដែបានខិតខំយ៉ាងខ្លាំងក្នុងការបន្តរក្សាសន្ដិភាព ស្ថិរភាពនយោបាយ ទាក់ទាញវិនិយោគមកកាន់កម្ពុជា និងបន្តកិច្ចការងារអភិវឌ្ឍន៍លើគ្រប់វិស័យ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ, ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង, បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ, បន្តនិរន្តរភាព និងចីរភាព ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជានឹងមានស្ពានវែងជាងគេ ដែលមានប្រវែងជាង ៣ គីឡូម៉ែត្រ កាត់ពីលើទន្លេសាប។
សម្ដេចធិបតី កំពង់ផែខេត្តព្រះសីហនុ ដែលជាចំណុចកណ្ដាលនៃការ ឆ្លងកាត់របស់នាវាដឹកទំនិញនៃប្រទេសនានាក្នុងតំបន់ នឹងក្លាយជាកំពង់ផែដ៏មានសក្ដានុពលមួយនៅ ពេលខាងមុខ ក្រោយការសាងសង់ពង្រីកជាកំពង់ផែទឹកជ្រៅ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ ផ្លូវជាតិលេខ៥០-C តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ មានការសិក្សាប្រើរយៈពេលយូរ មុនសម្រេចឱ្យសាងសង់ គឺដោយសាររដ្ឋាភិបាលបារម្ភពីការប៉ះពាល់ដល់បរិស្ថាន ជាពិសេសត្រីនៅក្នុងទន្លេសាប។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមរក្សា ថែផ្លូវនៅកម្ពុជា ដែលជាសម្បត្តិរួម ដើម្បីពលរដ្ឋប្រើប្រាស់បានច្រើនឆ្នាំទៅមុខ។
សម្តេចធិបតី ផ្ដល់អនុសាសន៍ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធថែរក្សា ថែទាំសមិទ្ធផល ផ្លូវថ្នល់ និងស្ពានដែលបានសាងសង់ឡើងនូវទូទាំងប្រទេសឱ្យបានល្អ ហើយត្រូវពិនិត្យមើលលើការដឹកជញ្ជូនឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ជាពិសេសត្រូវសហការជាមួយវិស័យឯកជនលើវិស័យដឹកញ្ជូនចំពោះការអនុវត្តការងារនេះ។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមបញ្ឈប់ការ ប្រើប្រាស់យ័ន្តការពារ(ខ្នងបង្អែក)៕