អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យមានការអត់ធ្មត់បំផុត ក្រោយអ៊ីរ៉ង់វាយប្រហារសងសឹក មកលើអ៊ីស្រាអែល។
អំឡុងជំនួបក្រុមប្រឹក្សាសន្តិសុខ UN លោក Guterres និយាយថា តំបន់មជ្ឈិមបូព៌ា ស្ថិតនៅលើមាត់ជ្រោះនៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ។
មនុស្សនៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ពិតប្រាកដដោយសារតែជម្រោះ ។
លោកបន្តថា បច្ចុប្បន្នវាដល់ពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ខ្លាំងបំផុត..!។
អ៊ីរ៉ង់ បានវាយប្រហារសងសឹកអ៊ីស្រាអែល ក្រោយអ៊ីស្រាអែល វាយប្រហារ លើបរិវេនស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ។
ដោយបានសម្លាប់ មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់២នាក់ និងបន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលរាប់ខែរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ បង្កឡើងដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។
អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហារ ដោយមីស៊ីល និងយានដ្រូនជាង ៣០០គ្រឿង មកលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្ដមនាវីឯក Daniel Hagari បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហាយានដ្រូនជាង ២០០គ្រឿង និងម៉ាស៊ីលរាប់រយគ្រាប់ មកលើទឹកដីអ៊ីស្រាអែល ៕