ប្រទេសចិន តែងតែទាមទារ សមុទ្រចិនខាងត្បូងទាំងមូល ជាដែនទឹករបស់ខ្លួន ។
ដែលនាំឱ្យមានជម្លោះ មិនត្រឹមតែជាមួយហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងជាមួយវៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងប្រ៊ុយណេផងដែរ។
ការអះអាងទាំងនេះត្រូវបានចាត់ទុកជាយូរមកហើយថា ជាចំណុចសក្ដានុពលនៅក្នុងតំបន់ ហើយបានជំរុញឱ្យមានការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងចិន។
កាលពីថ្ងៃព្រហស្បតិ៍ យោធាចិនបាននិយាយថា ហ្វីលីពីនបាននាំកម្លាំងបរទេសខាងក្រៅ មកល្បាតសមុទ្រចិនខាងត្បូងដើម្បីបង្កបញ្ហា បន្ទាប់ពីទីក្រុងម៉ានីល ។
បានចាប់ផ្តើមកម្មវិធីប្រតិបត្តិការល្បាតដែនសមុទ្រនិងអាកាសរួមគ្នា ក្នុងសប្តាហ៍នេះជាមួយសហរដ្ឋអាមេរិក។
យោធាចិនបានចោទប្រកាន់ហ្វីលីពីនយ៉ាងដូច្នេះថា «ហ្វីលីពីនបាននាំកម្លាំងដែលនៅក្រៅតំបន់ មកធ្វើការល្បាតបង្កបញ្ហា ដែលប៉ះពាល់ដល់សុខសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ យោធាចិននឹងបន្តរក្សាការប្រុងប្រៀបខ្ពស់ ដើម្បីការពារយ៉ាងមុតមាំនូវអធិបតេយ្យ ក៏ដូចជាសិទ្ធិនិងប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយការពារដាច់ខាតនូវសន្តិភាពនិងស្ថិរភាព នៃសមុទ្រចិនខាងត្បូង»។
កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឱ្យដឹងដែរថា ទីក្រុងប៉េកាំងក៏បានព្រមានផងដែរ ទៅកាន់សហរដ្ឋអាមេរិកនិងហ្វីលីពីន ពាក់ព័ន្ធនឹងសកម្មភាពល្បាតរួមគ្នារវាងប្រទេសទាំងពីរ។
បើតាមអ្នកនាំពាក្យរូបនោះ ចិនបានគូសបញ្ជាក់យ៉ាងច្បាស់អំពីគោលជំហររបស់ខ្លួន ទៅកាន់ហ្វីលីពីននិងអាមេរិកថា ប្រតិបត្តិការល្បាតរួមរវាងហ្វីលីពីននិងអាមេរិក ដាច់ខាតមិនត្រូវប៉ះពាល់ចំពោះអធិបតេយ្យភាពទឹកដី ព្រមទាំងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិនឡើយ។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ អាជ្ញាធរហ្វីលីពីន បានប្រកាសថា យោធាខ្លួនហើយនិងយោធាអាមេរិក បានចាប់ផ្តើមការល្បាតដែនសមុទ្រនិងអាកាសរួមគ្នា នៅក្បែរដែនកោះចុងភាគខាងជើងបំផុតនៃប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីបានធ្លាក់ចុះដុនដាបខ្លាំងរវាងចិននិងហ្វីលីពីន ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ដ្បិតរូបលោកបានងាកទៅពង្រឹងទំនាក់ទំនងជាមួយអាមេរិក ដែលជួយគាំទ្រប្រទេសអាស៊ានមួយនេះ នៅក្នុងបញ្ហាវិវាទដែនសមុទ្រជាមួយចិន៕