ឯកឧត្តម ថងលុន ស៊ីសុលីត បានអញ្ជើញមកដល់ភ្នំពេញ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា!

(ភ្នំពេញ)៖ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រមុខរដ្ឋឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ច ដែលមានរយៈពេល២ថ្ងៃ គឺតបតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ទស្សនកិច្ចនេះ ប្រធានរដ្ឋឡាវ នឹងជួបសវនាការជាមួយ ព្រះករុណា ព្រះមហាក្សត្រ នៅព្រះបរមរាជវាំង។

ឯកឧត្តមប្រធានរដ្ឋ ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ភាគីទាំងពីរ នឹងពិភាក្សាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ​ទ្វេភាគី និងពហុភាគី រួមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួម។

ប្រធានរដ្ឋឡាវ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និង នៅមណ្ឌបតម្កល់ព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅពេលនេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏មានសារសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់បន្ថែមទៀត នូវទំនាក់ទំនងដ៏ល្អប្រសើរ អ្នកជិតខាងល្អ ទំនាក់ទំនងជាបងប្អូន និង សាមគ្គីភាព៕

Leave a Reply

Your email address will not be published. Required fields are marked *