មន្ត្រីសង្គ្រោះបន្ទាន់ បាននិយាយនៅថ្ងៃអង្គារនេះថា យ៉ាងហោចណាស់មនុស្ស 5នាក់បានស្លាប់ និងរាប់សិបនាក់ទៀតជាប់ក្នុងគំនរបាក់បែក។
បន្ទាប់ពីអគារប្រាំជាន់ នៅការដ្ឋានសំណង់មួយ បានដួលរលំនៅក្នុងទីក្រុង George នៃខេត្ត Western Cape របស់ប្រទេសអាហ្រ្វិកខាងត្បូង។
អគារដែលកំពុងសាងសង់ បានដួលរលំកាលពីរសៀលថ្ងៃច័ន្ទដោយជាប់គាំងកម្មករជាង 70 ។
ប៉ុន្តែរហូតមកដល់ពេលនេះ 24 នាក់ត្រូវបានទាញ ចេញពីគំនរបាក់បែក។
ទូរទស្សន៍ក្នុងស្រុកបានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះកំពុងជីកកកាយតាមគំនរបាក់បែក ដោយសង្ឃឹមថានឹងអាចទាញកម្មករបន្ថែមទៀតនៅរស់។
លោក Alan Winde នាយករដ្ឋមន្ត្រីនៃ Western Cape បាននិយាយថា “ការគាំទ្រចាំបាច់ទាំងអស់ត្រូវបានផ្តល់ជូនដល់បុគ្គលិកសង្គ្រោះបន្ទាន់ ដើម្បីពន្លឿនការឆ្លើយតបរបស់ពួកគេ។
នៅពេលនេះ មន្ត្រីកំពុងផ្តោតលើការសង្គ្រោះជីវិត។ នេះជាអាទិភាពចម្បងរបស់យើងនៅដំណាក់កាលនេះ»។
លោកប្រធានាធិបតី Cyril Ramaphosa បានចូលរួមរំលែកទុក្ខដល់សាច់ញាតិ និងមិត្តភ័ក្តិរបស់មនុស្សប្រាំនាក់ដែលបានស្លាប់ក្នុងការបាក់អគារ។
ការិយាល័យរបស់ Ramaphosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គំនិតរបស់ប្រធានាធិបតីគឺជាមួយនឹងគ្រួសារដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ក៏ដូចជាក្រុមគ្រួសាររបស់មនុស្សជិត 50 នាក់ដែលជាប់នៅក្នុងគំនរបាក់បែក” ។
លោកបាននិយាយថា ការស៊ើបអង្កេតរកមូលហេតុនៃឧបទ្ទវហេតុនេះត្រូវតែមានគោលបំណងទប់ស្កាត់ការកើតឡើងម្តងទៀតនៃគ្រោះមហន្តរាយនេះ៕