(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៩.០៥.២០២៤ បានអះអាងថា៖ ការចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពាក់ព័ន្ធនឹងការ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្រសួងយុត្តិធម៌ ការចាប់ខ្លួននេះ ជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះផងដែរ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ហើយជាការអនុវត្តច្បាប់សុទ្ធសាធ ដោយផ្អែកតាមក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ពិនិត្យឃើញថា ការចេញសេចក្ដីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ដោយប្រើពាក្យ “ថ្កោលទោស” ចំពោះការអនុវត្តច្បាប់ដោយស្ថាប័នមានសមត្ថកិច្ចបែបនេះ គឺជាការមិនត្រឹមត្រូវ និងមិនអាចទទួលយកបានឡើយ ហើយដែលគណបក្សនេះគប្បីពិនិត្យពិចារណាឡើងវិញក្នុងការប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមស្រប ដើម្បីធានាបាននូវធម្មានុរូបភាពជាតួអង្គនយោបាយមួយ ដែលគោរពច្បាប់ នៅក្នុងសង្គមនីតិរដ្ឋ៕