រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសពីផែនការកាលពីថ្ងៃអង្គារ៖ ដើម្បីដំឡើងពន្ធលើការនាំចូលរបស់ចិន ដែលមានតម្លៃ១៨ ពាន់លានដុល្លារ។
ការសម្រេចចិត្តនេះ ធ្វើឡើងនៅពេលដែលលោកប្រធានាធិបតីអាមេរិក ចូ បៃឌិន (Joe Biden) ត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងបោះឆ្នោតប្រធានាធិបតីជាថ្មី ជាមួយគូប្រជែងមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខ។
សេតវិមានបានឱ្យដឹងថា អត្រាពន្ធលើរថយន្តអគ្គិសនី ត្រូវបានដំឡើងបួនដងដល់ ១០០ភាគរយនៅឆ្នាំនេះ ។
ខណៈដែលពន្ធលើគ្រឿងអេឡិចត្រូនិកនឹងកើនឡើងពី ២៥ភាគរយទៅ ៥០ភាគរយនៅឆ្នាំក្រោយ។
ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយសេតវិមានថា ចំណាត់ការនេះមានគោលបំណង ជំរុញប្រទេសចិនឱ្យ លុបបំបាត់ការអនុវត្តពាណិជ្ជកម្មមិនស្មើភាព របស់ខ្លួនទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងនវានុវត្តន៍។
ការដំឡើងពន្ធគយនេះ ធ្វើឡើងបន្ទាប់ពីមានការពិនិត្យឡើងវិញ ទៅលើពន្ធដែលបានដាក់ ក្នុងអំឡុងសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ក្នុងពេលដែលអតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញពន្ធគយលើទំនិញតម្លៃប្រហែល៣០០ពាន់លានដុល្លារដែលនាំចូលពីប្រទេសចិន។
ការិយាល័យជំរឿនសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា សហរដ្ឋអាមេរិកបាននាំចូលទំនិញពីប្រទេសចិនចំនួន $427 ពាន់លានដុល្លារក្នុងឆ្នាំ 2023 ខណៈដែលខ្លួនបាននាំចេញទំនិញ $148 ពាន់លានដុល្លារ៕