មានអ្នកយកក្រពើ មកលែងក្នុងស្រះទឹក បរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ មានអ្នកយកសត្វក្រពើ មកលែងក្នុងស្រះទឹក ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
ករណីនេះ លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
បានថ្លែងថា៖ បើសិនជាអ្នកលែងមិនយកទៅវិញទេ លោកស្នើឱ្យអង្គការ ឬអ្នកដែលមានជំនាញខាងចិញ្ចឹមសត្វក្រពើ ជួយយកក្រពើនេះទៅវិញផង ខណៈវាកំពុងត្រូវបានចាប់យកទៅរក្សាទុក។

លោកបណ្ឌិត បានឱ្យដឹងថា អ្នកលែងគឺជាប្តីប្រពន្ធមួយគូ ហើយពេលសន្តិសុខសួរ ពួកគាត់កុហកថា ជាសត្វត្រកួត ។
ប៉ុន្តែដោយសារមិនទុកចិត្ត សន្តិសុខបានចាប់ទុក ទើបដឹងថា ជាសត្វក្រពើ។

លោកបណ្ឌិត បានបញ្ជាក់ថា ជារឿងគ្រោះថ្នាក់ និងអាក្រក់បំផុតដែលមានមនុស្សយកកូនក្រពើមកលែងក្នុងទឹកស្រះសាកលវិទ្យាល័យយើង។ ថ្ងៃនេះជាថ្ងៃសីលធំសម្រាប់ពុទ្ធសានិកជន។
មានមនុស្សមួយចំនួនមានជំនឿថា ការដោះលែងសត្វឲ្យមានជីវិត និងសេរីភាពក្នុងថ្ងៃនេះជាទង្វើប្រកបដោយកុសលល្អខ្ពង់ខ្ពស់។ ប៉ុន្តែការដោះលែងសត្វមួយចំនួនឲ្យមានជីវិតបែរជាអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សទៅវិញ។
សូមបងប្អូនបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់នេះជាដាច់ខាត។

លោកបានអរគុណ និងកោតសរសើរបងប្អូនសន្តិសុខ ដែលបានទប់ស្កាត់ទាន់ពេលនូវទង្វើដ៏គ្រោះថ្នាក់នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version