ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែនជាមួយនឹងបទឈប់បាញ់..!។
-នេះបើតាមប្រភពចំនួនបួន របស់រុស្ស៊ី បានប្រាប់រ៉យទ័រ ដោយនិយាយថា៖ លោកបានត្រៀមខ្លួន ដើម្បីប្រយុទ្ធប្រសិនបើ Kyiv និងលោកខាងលិច មិនឆ្លើយតប..!។
ប្រភពជាន់ខ្ពស់របស់រុស្ស៊ី ដែលមានទំនាក់ទំនង ជាមួយវិមានក្រឹមឡាំងបានប្រាប់ Reuters ថា លោក ពូទីន អាចប្រយុទ្ធបានយូរតាមដែលត្រូវការ ប៉ុន្តែលោកក៏ត្រៀមខ្លួនសម្រាប់បទឈប់បាញ់ដើម្បីបញ្ចប់សង្រ្គាមផងដែរ។
គួរជម្រាបថា៖ ចាប់តាំងពីការចរចាមិនជោគជ័យ នៅដើមនិទាឃរដូវឆ្នាំ ២០២២មក មិនមានការចរចាសន្តិភាពដោយផ្ទាល់រវាងអ៊ុយក្រែន និងរុស្ស៊ីទេ។
អ៊ុយក្រែនទទូចលើការដកខ្លួនទាំងស្រុងរបស់រុស្ស៊ី ជាលក្ខខណ្ឌជាមុនសម្រាប់កិច្ចចរចា ដែលជាចំណុចសំខាន់មួយនៅក្នុងរូបមន្តសន្តិភាព ១០ចំណុច ដែលដាក់ចេញដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។
ប្រភពរុស្ស៊ីបីក្នុងចំណោមប្រាំ ដែលត្រូវបានសាកសួរដោយ Reuters បាននិយាយថាលោក ពូទីន បានសម្តែងការខកចិត្តចំពោះការជ្រៀតជ្រែករបស់លោកខាងលិច ក្នុងកិច្ចខិតខំប្រឹងប្រែងចរចា និងការបដិសេធរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ក្នុងការចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់បន្ថែមទៀត។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរំលឹកឡើងវិញថា រុស្ស៊ីបើកចំហចំពោះការសន្ទនា និងមិនស្វែងរក សង្រ្គាមដ៏អស់កល្បជានិច្ច នោះទេ។
ទោះជាយ៉ាងណា មន្ត្រីអ៊ុយក្រែន អះអាងថា បទឈប់បាញ់ ដែលទទួលស្គាល់ការទាមទារទឹកដីរុស្ស៊ី គឺមិនអាចទទួលយកបានឡើយ។ ផ្ទុយទៅវិញ អ៊ុយក្រែនកំពុងលើកកម្ពស់ផែនការសន្តិភាពរបស់ខ្លួន ហើយនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលជាសាកលនៅប្រទេសស្វីសនៅខែក្រោយ ដែលផ្តោតលើរូបមន្តសន្តិភាពរបស់លោក Zelensky៕