ឧត្តមសេនីយ៍ កងទ័ពជើងទឹកអាមេរិក ផ្កាយ៤ ដែលចូលនិវត្តន៍ លោក Robert Burke ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនិងផ្តល់កិច្ចសន្យារដ្ឋាភិបាល ដល់ក្រុមហ៊ុនមួយ ជាថ្នូរនឹងប្រាក់ជាង៥០ម៉ឺនដុល្លារ។
ព្រះរាជអាជ្ញា បាននិយាយថា លោកឧត្តមនាវី Robert Burke ដែលបម្រើការជាអនុប្រធានប្រតិបត្តិការកងទ័ពជើងទឹក រហូតដល់ឆ្នាំ ២០២២ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ ប្រសិនបើរងបទចោទប្រកាន់ពីបទស៊ីសំណូក។
បុរសវ័យ៦២ ឆ្នាំរូបនេះ មិនបានចូលខ្លួនក្នុងការប្តឹងតវ៉ាជាផ្លូវការទេ អំឡុងពេលបង្ហាញខ្លួន នៅតុលាការដំបូងនៅទីក្រុង Miami រដ្ឋ Florida កាលពីថ្ងៃសុក្រ។
ទន្ទឹមនោះ នាយកប្រតិបត្តិអាជីវកម្ម ២ នាក់របស់ក្រុមហ៊ុន ក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយអាចជាប់ពន្ធនាគាររហូតដល់ ៣០ឆ្នាំ។
មេធាវីអាមេរិក លោក Matthew M Graves បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រថា លោកឧត្តមនាវីឯក Burke ប្រើប្រាស់ការិយាល័យសាធារណៈ និងឋានៈផ្កាយបួនរបស់លោក សម្រាប់ផលប្រយោជន៍។
លោក Graves បានបន្ថែមថា ច្បាប់នឹងមិនលើកលែងចំពោះអ្នកដែលបង់ប្រាក់ និងទទួលសំណូក នោះទេ។
វាជារឿងដ៏ពិបាកខ្លាំងបំផុត នៅពេលដែលមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងនាយកប្រតិបត្តិជាន់ខ្ពស់ ត្រូវបានចោទប្រកាន់ថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។
គួរបញ្ជាក់ថា លោក Burke ដែលមើលការខុសត្រូវលើប្រតិបត្តិការកងទ័ពជើងទឹកនៅអឺរ៉ុប រុស្ស៊ី និងអាហ្វ្រិកពីឆ្នាំ ២០២០-២២ ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ និងការសមគំនិត ក្នុងការប្រព្រឹត្តអំពើស៊ីសំណូក៕