(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធខេត្តកំពង់ស្ពឺ។
ដោយថា ពួកខ្លួនបានរងផលប៉ះពាល់ ដោយសារ ជះក្លិនស្អុយ ចេញពីរោងចក្រផលិតដំណាប់ស្វាយ១កន្លែង«យីហោ សាន់ផ្លាស់អ៊ីង អ៊ិនធើណេសិនណល ឯ.ក»។
ខណៈក្រុមហ៊ុនមួយនេះ បានបង្ហូរកាកសំណល់ និងទឹកផលិតផ្លែស្វាយ ចេញពីរោងចក្រ តាមប្រឡាយ បង្កជាក្លិនស្អុយ ជះចូលទៅក្នុងភូមិ ធ្វើឱ្យប្រជាពលរដ្ឋពិបាកទ្រាំ។
-ភូមិចំនួន៥ ដែលរងផលប៉ះពាល់ដោយសារ ជះខ្លិនស្អុយចេញពីរោងចក្រផលិតដំណាប់ស្វាយយីហោ«សាន់ផ្លាស់អ៊ីង អ៊ិនធើណេសិនណល ឯ.ក»រួមមាន៖ ភូមិព្រៃពង្រ កប់ចិន ទួលធ្យុង ត្រពាំងឫស្សី និងបុរីសៀងហុង។
សេចក្ដីរាយការណ៍បន្តថា កន្លងមកអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ ដោះស្រាយជាមួយម្ចាស់រោងចក្រម្តងរួចហើយ ។
ដោយក្នុងនោះ ម្ចាស់រោងចក្រសន្យាថា នឹងពន្លឿនធ្វើការរៀបចំឱ្យប្រសើរឡើងវិញ ក្នុងការទុកដាក់កាកសំណល់ និងមិនបង្ហៀរទឹកស្វាយឱ្យ ចេញពីរោងចក្រមកក្រៅឡើយ។
ដោយរោងចក្រ នឹងដាក់ថ្នាំចូលទៅក្នុងទឹកដើម្បីបំបាត់ក្លិនមិនឱ្យស្អុយទៀតឡើយ។
ប៉ុន្តែការសន្យាបានត្រឹមសន្យា គ្មានសកម្មភាពអនុវត្ត ឱ្យប្រសើរឡើងឡើយ។
ករណីនេះ ប្រជាពលរដ្ឋនៅតែទទួលរងគ្រោះ ដោយក្លិនស្អុយនេះដដែល។
ជុំវិញការសុំកិច្ចអន្តរាគមន៍នេះ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ចាន់ថេត ថានរៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ថា៖ លោកនឹងចាត់មន្ត្រីការិយាល័យជំនាញសហការ ជាមួយគណបញ្ជាការឯកភាពខេត្ត ស្រុកចុះពិនិត្យ និងដោះស្រាយបន្ទាន់នៅថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ ។
ដើម្បីសម្រួលដល់ការរស់នៅ និងផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋទាំង៥ភូមិ។
សូមរំលឹកថា ករណីដែលបង្កក្លិនស្អុយចេញពីរោងចក្រដំណាប់ស្វាយនេះ ។
កើតមានច្រើននៅតាមទីតាំងដែលមានរោងចក្រនេះ ក្នុងនោះអាជ្ញាធរស្រុកឱរ៉ាល់ ក៏បានសុំកិច្ចអន្តរាគមន៍ពីមន្ទីរជំនាញដូចគ្នាដែរ ។
គ្រាដែលពលរដ្ឋរបស់ខ្លួន រស់នៅក្បែរទីតាំងរោងចក្រ ចំនួន៣កន្លែង ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ២៨ តំបន់អូរប្រុង តាមបណ្តោយផ្លូវជាតិ៤៤ ក៏បង្កក្លិនស្អុយដល់ប្រជាពលរដ្ឋ ទាំងអ្នករស់នៅ និងអ្នកធ្វើដំណើរឆ្លងកាត់ ហើយជាងនេះទឹកស្វាយដែលហូរចូលទៅក្នុងអូរកំពុងបំផ្លាញ និងសម្លាប់ជីវៈចម្រុះនៅក្នុងទឹក៕