(ភ្នំពេញ)៖ ក្រោយលោកអភិបាលខេត្ត១រូប បញ្ចេញប្រតិកម្មខ្លាំងៗថា”ការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធ”ដែលមានកម្លាំងចម្រុះចូលរួម និងដឹកនាំផ្ទាល់សម្របសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា«ជារឿងមិនត្រឹមត្រូវ»។
-ព្រោះពុំបានឆ្លង ឬសុំគោលការពីខ្លួន ដែលជាអភិបាលខេត្ត.នោះមក…!។
-ស្រាប់តែគេឃើញបុគ្គល ផែង វណ្ណៈ បង្ហោះបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ចុះកាលបរិច្ឆេទនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ស្តីពីវិធានការ«បង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធ»។
-យោងបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល រាល់ការបង្ក្រាបអំពើរត់គេចពន្ធ គឺពុំបានកំណត់ឱ្យមន្ត្រីជំនាញគយ ដាច់ខាត! ត្រូវតែសុំគោលការពីអភិបាលរាជធានី.ខេត្ត.មុនចុះបង្ក្រាបនោះឡើយ។
-ផ្ទុយទៅវិញ បទបញ្ជាលេខ០១ រាជរដ្ឋាភិបាល បានតម្រូវឱ្យមន្ត្រីជំនាញគយ មានសិទ្ធស្នើសុំកិច្ចសហការគាំទ្រ ពីកងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត។ ក្នុងករណី ដែលកិច្ចប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ មិនអាចអនុវត្តបាន ។
ក្នុងនោះ រាជរដ្ឋាភិបាល ថែមទាំងតម្រូវឱ្យកងកម្លាំងទាំងបីស្ថាប័ន ត្រូវតែចូលរួមសហការ ជាមួយមន្ត្រីជំនាញគយទៀតផង ដើម្បីឱ្យការបង្ក្រាបអំពើរត់ពន្ធ មានប្រសិទ្ធភាពខ្ពស់។
-អញ្ចឹង”ការបង្ក្រាបអំពើរត់គេចពន្ធ” ដែលមានសមត្ថកិច្ច ចម្រុះចូលរួមនិងដឹកនាំផ្ទាល់ ដោយព្រះរាជអាជអាជ្ញា ជារឿងត្រឹមត្រូវតាមគោលការរាជរដ្ឋាភិបាល ហើយក៏ត្រឹមត្រូវតាមនីតិវិធីច្បាប់ទៀតផង…!។
បទបញ្ជាលេខ០១ ស្ដីពីការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ បានកំណត់យ៉ាងដូច្នេះថា ១-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន ក្នុងនាមជាស្ថាប័នតែមួយគត់ដែលមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ទំនិញនាំចេញ-នាំចូល ឆ្លងកាត់ នៅច្រកទ្វារអន្តរជាតិ ច្រកទ្វារព្រំដែនអន្តរជាតិ ច្រកទ្វារព្រំដែនទ្វេភាគី ច្រកទ្វារតំបន់ព្រំដែន ច្រកទ្វារកំពង់ផែសមុទ្រ តំបន់សេដ្ឋកិច្ចពិសេស សន្និធិគយបណ្ដោះអាសន្ន ភណ្ឋាគារ គយមានដែនកំណត់ និង ទីកន្លែងត្រួតពិនិត្យទំនិញនាំចេញ-នាំចូលនិងឆ្លងកាត់ផ្សេងទៀតក្នុងដែនគយ។
២-អង្គភាពគយនិងរដ្ឋាករ អាចស្នើសុំកិច្ចសហការគាំទ្រពី កងយោធពលខេមរភូមិន្ទ កងរាជអាវុធ ហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក្នុងករណី ដែលកិច្ចប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបអំពើរត់គេចពន្ធមិនអាចអនុវត្តបាន។
ត្រង់ចំណុចនេះ នៅពេលទទួលបានការស្នើសុំពីអង្គភាពគយនិងរដ្ឋាករ កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធត្រូវសហការ គាំទ្រ និងជួយជាបន្ទាន់។
អង្គភាពគយនិងរដ្ឋាករ អាចស្នើសុំជាផ្លូវការតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ជាលាយលក្ខណ៍អក្សរ តាមទម្រង់ដែលបានកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមមធ្យោបាយផ្សេងទៀត។
៣-កងយោធពលខេមរភូមិន្ទ កងរាជអាវុធហត្ថ នគរបាលជាតិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ត្រូវចៀសវាងអនុវត្តដោយផ្ទាល់ និង/ឬដោយប្រយោលនូវ ការងារដែលជាសមត្ថកិច្ចរបស់អង្គភាពគយនិងរដ្ឋាករ និង មិនត្រូវបង្កឧបសគ្គ ឬអន្តរាគមន៍នាំឱ្យរាំងស្ទះ ដល់ការប្រមូលចំណូល និង ការទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធ ជាដាច់ខាត។
ករណីទទួលបាន នូវព័ត៌មានសង្ស័យនៃការប្រព្រឹត្ត ឬបានជួបប្រទះ ឬបានឃើញអំពើរត់គេចពន្ធជាក់ស្តែងណាមួយ ត្រូវជូន ដំណឹងជាបន្ទាន់ដល់អង្គភាពគយនិងរដ្ឋាករ ដែលកំពុងឈរជើងបំពេញភារកិច្ចនៅកន្លែងជិតបំផុតពីចំណុច កើតហេតុដើម្បីប្រគល់ភារកិច្ចជូនអង្គភាពគយនិងរដ្ឋាករអនុវត្តនូវតួនាទីនិងភារកិច្ចស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។
៤-អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុករ៉ាប់រងនូវ ការចំណាយចាំបាច់នានាក្នុងប្រតិបត្តិការនីមួយៗ រួមទាំងការចំណាយសម្រាប់ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ផ្សេងៗជូនអ្នកចូលរួមដោយមានសិទ្ធិ ប្រើប្រាស់ប្រាក់ដែលជាផលបានមកពីប្រតិបត្តិការបង្ក្រាបនីមួយៗដូច មានកំណត់ក្នុងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ក្នុងករណីទឹកប្រាក់ដែលត្រូវផ្តល់រង្វាន់លើស ពី១៥០លានរៀល ការបែងចែកត្រូវមានការសម្រេចជាមុនពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
៥-ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវបង្កើតគណៈកម្មាធិការអន្តរក្រសួងដើម្បី តាមដានការអនុវត្ត ការងារទប់ស្កាត់និងការបង្ក្រាបអំពើរត់គេចពន្ធ ធ្វើការវាយតម្លៃ ផ្តល់ការណែនាំ និងចង្អុលទិសអនុវត្ត បទបញ្ជានេះឱ្យមានប្រសិទ្ធភាព។
-គួរម្លឹកថាៈ កាលពីថ្ងៃទី៣០.០៥.២០២៤ កម្លាំងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយអាជ្ញាធរមូលដ្ឋាន.នគរបាល.អាវុធហត្ថ ដឹកនាំផ្ទាល់ ដោយព្រះរាជអាជ្ញារងខេត្តត្បូងឃ្មុំ។
បានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំងអាជីវកម្មលក់ទូរស័ព្ទ ចំនួន៥ ទីតាំងនៅស្រុកមេមត់ នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយ ចម្រុះរួមមាន ទូរស័ព្ទ, ប្រេងម៉ាស៊ីន,និងគ្រឿងអគ្គិសនី មួយចំនួនផងដែរ។
ទន្ទឹមនិងនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អគរ) ក៏បានចេញលិខិតបំភ្លឺថា អនុលោមតាមមាត្រា៨ នៃច្បាប់ស្តីពីគយជាធរមាន, ប្រកាស លេខ ៣៨៩ សហវ. គរ ចុះថ្ងៃទី២២ ខែខុសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងប្រកាសលេខ ៧៣៥ សហវ.តរ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មុខទំនិញ ទូរស័ព្ទ ត្រូវបាន ចាត់ជា ទំនិញកំណត់ពិសេស ដែលជាកម្មវត្ថុនៃការបិទត្រាពន្ធគយ។
ជាក់ស្តែង នាពេលចុះធ្វើអនុលោមភាពនៅ តាមទីតាំងអាជីវកម្មដ្ឋានខាងលើ មន្ត្រីគយនិងរដ្ឋាករ ពិនិត្យឃើញថា មាន ទូរស័ព្ទស្មាតហ្វូនថ្មី ចំនួន៣៥៦ គ្រឿង និងទូរស័ព្ទប្រើរួច ចំនួន ៩៥៥គ្រឿង ពុំមានបិទត្រាពន្ធគយនិងពុំមានឯកសារ បញ្ជាក់ពីប្រភព ស្របច្បាប់។
-យ៉ាងណាក្ដី ប្រតិបត្តិការខាងលើ ត្រូវលោកអភិបាលខេត្ត១រូប ព្រមានមន្ត្រីគយ រួមនិងសមត្ថកិច្ចពាក់ព័ន្ធ ដោយធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំ..!។
ដោយលោកអភិបាលខេត្ត ថ្លែងថា តើទុករូបលោក ជាទីងមោងឬយ៉ាងណា បានជាមិនសុំគោលការមុនចុះបង្ក្រាប…?។
-លុះពេលនេះ បទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាល ត្រូវបានបង្ហាញជាសាធារណៈ តើលោកអភិបាលខេត្ត ដែលព្រមានមន្ត្រីជំនាញយល់យ៉ាងណាដែរ..?៕