លោក Narendra Modi បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសឥណ្ឌា សម្រាប់អាណត្តិទី៣របស់លោក កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា ឆ្នាំ២០២៤។
បន្ទាប់ពីទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតសកល ដែលត្រូវបានប្រកាសលទ្ធផល កាលពីសប្ដាហ៍មុន។
ប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu បានធ្វើជាអធិបតីដឹកនាំការស្បថចូលកាន់តំណែងរបស់លោក Modi នៅឯពិធីមួយរៀបចំឡើងនៅវិមានប្រធានាធិបតី Rashtrapati Bhavan ក្នុងទីក្រុងញូវដេលី ដោយមានការចូលរួមពីភ្ញៀវកិត្តិយសរាប់ពាន់នាក់ ។
ក្នុងនោះរួមមានទាំងមេដឹកនាំនៃប្រទេសក្នុងតំបន់ចំនួន៧ តារា Bollywood និងអ្នកជំនួញធំៗ។
នៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក Modi បានគូសបញ្ជាក់ដូច្នេះថា «ជាកិត្តិយសដែលបានបម្រើភារតៈ Bharat (ឈ្មោះរបសប្រទេសឥណ្ឌា ជាភាសាឥណ្ឌា» ។
ប៉ុន្មាននាទីប៉ុណ្ណោះមុននឹងស្បថចូលកាន់តំណែងជាផ្លូវការ ក្រោមការទះដៃអបអរសាទរ និងស្រែកហៅឈ្មោះ Modi ពីអ្នកគាំទ្រ។
គួរបញ្ជាក់ថា៖ បើតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា គណបក្ស Bharatiya Janata Party (BJP) របស់លោក Modi និងគណបក្សជាសម្ព័ន្ធមិត្ត ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅសភា។
ប៉ុន្តែ គណបក្ស BJP ផ្ទាល់របស់លោក Modi ទទួលបានអាសនៈត្រឹមតែ ២៤០តែប៉ុណ្ណោះ បើធៀបទៅនឹងអាណត្តិមុន ដែលក្ដោបបាន អាសនៈដល់ទៅ៣០៣អាសនៈ។
នេះមានន័យថាគណបក្សរបស់លោក Modi នឹងត្រូវពឹងផ្អែកយ៉ាងខ្លាំងលើគណបក្សជាសម្ព័ន្ធមិត្ត ដើម្បីអនុម័តច្បាប់នានា៕