យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា៖ ខ្លួនបានបាញ់ព្រមាន បន្ទាប់ពីទាហានកូរ៉េខាងជើង ។
រំលោភបំពានព្រំដែន ដ៏តានតឹងមួយរយៈពេលខ្លី កាលពីដើមសប្តាហ៍នេះ ។
ខណៈដែលគូប្រជែងកំពុង ចូលរួមក្នុងយុទ្ធនាការ បែបសង្គ្រាមត្រជាក់ ដូចជាការបាញ់បង្ហោះប៉េងប៉ោង និងការផ្សាយឃោសនា..!។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ អគ្គសេនាធិការចម្រុះ របស់កូរ៉េខាងត្បូង បានឱ្យដឹងថា ហេតុការណ៍ខាងលើ បានកើតឡើងនៅម៉ោងប្រហែល ១២៖៣០នាទីថ្ងៃត្រង់ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ នៅពេលដែលទាហានកូរ៉េខាងជើងមួយចំនួននៅក្នុងតំបន់គ្មានយោធា (DMZ) ខណ្ឌចែករវាងកូរ៉េទាំង២ បានឆ្លងខ្សែបន្ទាត់ព្រំដែន។
អគ្គសេនាធិការចម្រុះ កូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា ទាហានកូរ៉េខាងជើងមួយចំនួនដែលឈរជើងក្នុងតំបន់ DMZ បានឆ្លងខ្សែបន្ទាត់ព្រំដែនយោធារយៈពេលខ្លី។
បន្ទាប់ពីនោះ យោធារបស់ យើងបានស្រែកព្រមាន និងបាញ់ព្រមាន ទើបពួកគេដកថយទៅទិសខាងជើងវិញ…ហើយមិនមានសកម្មភាពប្រក្រតីណាមួយកើតឡើងទៀតនោះទេ។
គួរបញ្ជាក់ថា ភាពតានតឹងរវាងបងប្អូនកូរ៉េជាគូសត្រូវទាំង២ បាន និងកំពុងឡើងកម្ដៅកាន់តែខ្លាំង នាប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយកូរ៉េខាងជើងបានបង្ហោះបាឡុងសំរាម ចូលដីកូរ៉េខាងត្បូង ។
ជាមួយការបញ្ជាក់ថាគឺជាចំណាត់ការសងសឹកទៅនឹងក្រុមសកម្មជនកូរ៉េខាងត្បូងដែលបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់លោក គីម ជុងអ៊ុន ចូលក្នុងដី កូរ៉េខាងជើង។
ចំពោះមុខភាពតានតឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចចិត្តព្យួរកិច្ចព្រមព្រៀងយោធាមួយដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងកាលពីឆ្នាំ២០១៨ និងបានសម្រេចចិត្តដំណើរការឧបករណ៍បំពងសំឡេងរិះគន់ ប្រឆាំងកូរ៉េខាងជើង នៅតាមតំបន់ព្រំដែនឡើងវិញផងដែរ៕