ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថា យន្តហោះយោធារុស្ស៊ី១គ្រឿង បានធ្លាក់ អំឡុងពេលហោះហើរហ្វឹកហ្វឺន ។
នៅឯតំបន់ North Ossetia នៃតំបន់ Caucasus ហើយបណ្តាលឱ្យមនុស្ស២នាក់ ធ្វើដំណើរនៅលើនោះបាត់បង់ជីវិត។
-នេះបើតាមព័ត៌មាន AFP នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃអង្គារនេះ បាននិយាយថា យន្តហោះចម្បាំង Sukhoi-34 ដែលអាចទម្លាក់គ្រាប់បែកបានផងដែរ បានធ្លាក់នៅតំបន់ភ្នំមួយកន្លែង ។
ប៉ុន្តែពុំមានការបញ្ជាក់ឱ្យច្បាស់ថា វាបានធ្លាក់កាលពីពេលណា នោះឡើយ។
យោងតាមប្រភពពដដែល បញ្ហាបច្ចេកទេស ទំនងជាបានបង្កឱ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះយោធានេះ ខណៈការស៊ើបអង្កេតកំពុងត្រូវធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់អំពីមូលហេតុ។
គួរបញ្ជាក់ថា North Ossetia ជាតំបន់មានព្រំប្រទល់ជាប់ប្រទេសហ្សកហ្ស៊ី និងមានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ ពីតំបន់សមរភូមិមុខ នៅប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃទី៨ ខែមិថុនា អាជ្ញាធរតំបន់ North Ossetia បានអះអាងថា អ៊ុយក្រែនបានវាយប្រហារលើ ព្រលានយន្តហោះយោធារុស្ស៊ី១កន្លែង នៅក្រុង Mozdok ដោយប្រើយន្តហោះដ្រូន ប៉ុន្តែដ្រូនអ៊ុយក្រែន ៣គ្រឿង ក្នុងចំណោមនោះ ត្រូវបានបាញ់ស្កាត់។
វាគឺជាការវាយប្រហារតាមផ្លូវអាកាសលើកដំបូងបំផុត នៅតំបន់ North Ossetia គិតចាប់តាំងពីរុស្ស៊ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន៕