(ព្រៃវែង)៖ បន្ទាប់ពីលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ស្រុកពារាំង ខេត្តព្រៃវែង ប្ដឹងពលរដ្ឋ១ភូមិ ចូលអធិការស្រុកពារាំង ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ(ធ្វើឱ្យខូចខាតដោយចេតនា)។
ពាក់ព័ន្ធនិងពលរដ្ឋ លើកគ្នារាប់រយនាក់ មកដកបង្គោលថ្ម ដែលលោក ស៊ឹម សឿន ដាំពុះចែកដីសាធារណៈជា២ នោះមក.!។
-នៅព្រឹកទី១២.០៦.២០២៤ លោក ចេម ប្រា អភិបាលស្រុកពារាំង បានដឹកនាំកម្លាំងចម្រុះ ធ្វើការសម្របសម្រួលដោះស្រាយបញ្ចប់វិវាទដីធ្លី..!។
ដោយពុំបានចាត់វិធានការ តាមបណ្ដឹងព្រហ្មទណ្ឌរបស់លោក ស៊ឹម សឿន នោះឡើយ។
មិនតែប៉ុណ្ណោះ អាជ្ញាធរស្រុកពារាំង ថែមទាំងបានឯកភាព តាមសំណើរបស់ពលរដ្ឋទៀតផង។
-ដោយលែងឱ្យមានឈ្មោះ ដីពេទ្យសឿន ឬផ្លូវពេទ្យសឿនទៀតហើយ-ពោលគឺជាដីផ្លូវសាធារណៈ ដីសាធារណៈ..!។
សូមជម្រាបថា៖ ដីទំនាស់មួយនេះជាដីសាធារណៈរបស់រដ្ឋ ទទឹងជាង៧០ម៉ែត្រ និងបណ្ដោយប្រមាណជា៨០ម៉ែត្រ ត្រង់ចំណុចខាងកើតជាប់និងគល់”ស្ពានដូង” ស្ថិតនៅភូមិដូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
ក្នុងដំណោះស្រាយ នៅអធិការដ្ឋាននគរបាលស្រុកពារាំង នាព្រឹកទី១២.០៦.២០២៤ លោក ចេម ប្រា អភិបាលស្រុកពារាំង គណៈកម្មការសម្របសម្រួល.រួមនិងពលរដ្ឋ.បានសម្រេចបញ្ចប់និងឯកភាពធ្វើការបែងចែកដីសាធារណៈត្រង់ចំណុចខាងលើជា៣ដូចខាងក្រោម៖
១៖ ដីនៅប៉ែកខាងកើត ជាប់និងរបង(វត្តដូង)ទទឹង១០ម៉ែត្រ បណ្ដោយពីមុខទៅក្រោយ គឺត្រូវទុកជាដីផ្លូវសាធារណៈ លែងមានឈ្មោះថា ដីពេទ្យសឿន ឬផ្លូវពេទ្យសឿនទៀតហើយ….!។
២៖ ដីចន្លោះកណ្ដាល ទទឹងប្រវែង១២ម៉ែត្រ បណ្ដោយពីមុខទៅក្រោយ ទុកសម្រាប់ពលរដ្ឋ អាចារ្យគណៈកម្មការ ដាំដើមឈើធ្វើសួនច្បារ តាមតម្រូវការ…!។
៣៖ ដីនៅសល់ប៉ែកខាងលិច ទទឹងប្រហែល៥០ម៉ែត្រ បណ្ដោយពីមុខទៅក្រោយ ទុកជាសាធារណៈដដែលសម្រាប់ពលរដ្ឋ ធ្វើបុណ្យតាមប្រពៃណី…!។
ដំណោះស្រាយនេះ ត្រូវបញ្ចប់ដោយស្នាមញញឹម មិនមានការបង្ខិតបង្ខំអ្វីនោះទេ…!។
ជុំវិញរឿងនេះ កាលពីព្រឹកទី០៩.០៦.២០២៤ ពលរដ្ឋរាប់សិបនាក់នៅភូមិដូង ឃុំកញ្ចំ បានលើកគ្នាមកដកបង្គោលថ្មចោល ក្រោយលោក ស៊ឹម សឿន ដាំជាជួរចំកណ្ដាលដីពីមុខទៅក្រោយ ដើម្បីពុះចែកដីសាធារណៈជា២ និងកំណត់ព្រំដី។
-បើតាមពលរដ្ឋមូលហេតុ ដែលពួកខ្លួនដកបង្គោលថ្មចោលបែបនេះ ក៏ព្រោះតែលោក ស៊ឹម សឿន ដាំរំលោភលើដីសាធារណៈ ដាំដោយមិនប្រាប់មុន! ។
ហើយពួកគាត់ ប្ដឹងទៅលោកមេឃុំ ឱ្យជួយចាត់វិធានការ ដកចេញវិញ ប៉ុន្តែលោកមេឃុំ បានត្រឹមសន្យា និងលើកពេលរហូត..។
-ពលរដ្ឋអះអាងថា«ពួកខ្លួនដកបង្គោលថ្ម លើដីសាធារណៈ មិនមែនដកលើដីកម្មសិទ្ធរបស់លោក ស៊ឹម សឿន នោះទេ ម្យ៉ាងវិញទៀត ការដកបង្គោលថ្មនោះ គឺពុំបានកាច់បំបាក់ ឬវាយបំបែកបំផ្លិចបំផ្លាញនោះឡើយ ជាក់ស្ដែង ដកមកតម្រៀបទុកតែប៉ុណ្ណោះ»។
-ពលរដ្ឋបញ្ជាក់ប្រាប់«ដើមរាំង»ថា ដើមចបដំបូង កាលពីប៉ុន្មានឆ្នាំមុនលោក ស៊ឹម សឿន បានប្រមូលទិញដីស្រែពីកសិករ ដែលនៅខាងក្រោយ!។
ខណៈអត់មានផ្លូវចេញមកមុខ លោក ស៊ឹម សឿន ក៏បែកគំនិត ចាក់ដីលុបព្រែក និងលុបជង្ហុកមួយចំនួន ដែលជាដីសាធារណៈរបស់រដ្ឋ ដើម្បីឱ្យមានផ្លូវ ចូលដីរបស់ខ្លួន ដែលនៅខាងក្រោយ..!។
ពលរដ្ឋបន្តថា លុះមួយរយៈក្រោយនេះ ស្រាប់តែលោក ស៊ឹម សឿន ចេញមុខអាងយ៉ាង និងហាមឃាត់.ព្រះសង្ឃ.អាចារ្យ.គណៈកម្មការ.ពុទ្ធបរិស័ទចំណុះជើងវត្ត។
ដែលត្រូវអភិវឌ្ឍន៍ ដីសាធារណៈត្រង់ចំណុចខាងលើ ធ្វើជាសួនច្បាររូបសំណាក និងជាកន្លែងជួបជុំធ្វើបុណ្យតាមប្រពៃណី…។
ដោយលោក ស៊ឹម សឿន ថែមទាំងបានបង្ហើរពាក្យ បោះសម្ដីថា ដីខាងលើ ជាដីកម្មសិទ្ធរបស់ខ្លួន ដែលមានលិខិតកាន់កាប់ទទួលស្គាល់ ដឹងឮពីលោកមេឃុំកញ្ចំ ទៀតផង! ។
-កត្តាទាំងនេះហើយ ដែលជាមូលហេតុនាំឱ្យ ដីសាធារណៈមួយនេះ ក្លាយជាទំនាស់រ៉ាំរ៉ៃ រវាងពលរដ្ឋមួយភូមិ និងលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”។
-ក្នុងនោះដែរ ពលរដ្ឋស្នើសុំរក្សាដីនេះ ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋដដែល នឹងមិនឱ្យក្លាយជាកម្មសិទ្ធឯកជន.ផ្លូវឯកជន.ហើយក៏មិនឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ពីបុគ្គលណាម្នាក់ឡើយ..!។
-និយាយរួម ដីត្រង់ចំណុចខាងលើពលរដ្ឋ ទុកសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម មិនថាអ្នកជិត ឬអ្នកឆ្ងាយនោះទេ។
ក្នុងនោះសូម្បីលោក ស៊ឹម សឿន ក៏អាចប្រើប្រាស់ និងចេញចូលបានតាមតម្រូវការផងដែរ។
-ផ្ទុយទៅវិញពលរដ្ឋប្រឆាំងដាច់ខាត! រាល់ការចាត់ចែងយកដីសាធារណៈមួយនេះ ឱ្យក្លាយជាផ្លូវឯកជន.កម្មសិទ្ធឯកជន.ឬធ្វើរបងបិទជាដើម។ល។
-លុះឥឡូវ ដំណោះស្រាយត្រូវបានបញ្ចប់ ដោយមិនមានការចាប់ខ្លួន ពលរដ្ឋនោះឡើយ..!។
-អញ្ចឹងបណ្ដឹងព្រហ្មទណ្ឌរបស់លោក ស៊ឹម សឿន ដែលបានប្ដឹងពលរដ្ឋ១ភូមិ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ(ធ្វើឱ្យខូចខាតដោយចេតនា)គឺអាចហៅបានថា«បរាជ័យ»។
-តាមរយៈសារព័ត៌មាន«ដើមរាំង»ពលរដ្ឋរាប់សិបនាក់នៅភូមិដូង សូមស្នើយ៉ាងទទូចដល់លោកវេជ្ជបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែង និងឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង មេត្តាពិនិត្យចាត់វិធានការចំពោះមន្ត្រីក្រោមឱវាទ!។
គឺលោក ស៊ឹម សឿន ប្រធាន”មណ្ឌលសុខភាពព្រៃព្នៅ”ខណៈខ្លួនជាមន្ត្រីរាជការ បែរជាកាន់កាប់ដីសាធារណៈរបស់រដ្ឋ រហូតកើតជម្លោះជាមួយអ្នកភូមិរាប់រយគ្រួសារ..!។
ធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ពលរដ្ឋជាខ្លាំង និងប៉ះពាល់ដល់គោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា៕