(ភ្នំពេញ)៖ កាលពីវេលាម៉ោង១២យប់ រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៤។ កម្លាំងនគរបាលនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាមួយកម្លាំង នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បានចុះឡោមព័ន្ធទីតាំងក្លិបមួយកន្លែងយីហោ ប៉ាវ លីជីង ដែលស្ថិតនៅតាមបណ្ដោយ ផ្លូវលេខ ៥៩៨ សង្កាយ់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅក្នុងរង្វង់ប្រតិបត្តិការនេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ទទួលបានសេចក្ដីរាយការណ៍ និងស៊ើបអង្កេតច្បាស់លាស់ថាទីតាំងក្លឹប យីហោ ប៉ាវលីជីង នេះពិតជាលួចលាក់បម្រើ សេវាផ្លូវភេទពិតប្រាកដ។
ដូច្នេះដោយសុំគោលការណ៍ដាក់កម្លាំងឡោមព័ទ្ធ ចុះបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីភាគច្រើនជាយុវវ័យ ចំនួន ១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។
ក្រោយប្រតិបត្តិការមនុស្សប្រុសស្រីទាំង១៩៤នាក់ ត្រូវបាននគរបាល បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕