ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់រដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅថ្ងៃពុធនេះ..!។
ក្រោយបញ្ចប់កិច្ចប្រជុំដ៏កម្រមួយ ក្នុងប្រទេសកូរ៉េខាងជើង ជាមួយសមភាគីលោក គីម ជុងអ៊ុន។
យន្ដហោះរបស់លោក ពូទីន បានចុះចតនៅឯអាកាសយានដ្ឋានក្នុងទីក្រុងហាណូយ ជាទីដែលលោកត្រូវបានទទួលស្វាគមន៍ នៅលើព្រំក្រហម ។
ដោយឧបនាយករដ្ឋមន្ត្រី វៀតណាម លោក Tran Hong Ha និងមន្ត្រីការទូតកំពូលរបស់បក្សកុម្មុយនិស្ដវៀតណាមលោក Le Hoai Trung។
នៅមុនទៅដល់វៀតណាម លោក ពូទីន បានសរសើរទីក្រុងហាណូយ សម្រាប់ការគាំទ្រដល់ មធ្យោបាយ ជាក់ស្ដែង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
វៀតណាម ដែលប្រកាន់យកគោលជំហរការបរទេសអព្យាក្រឹត ក្រោម យុទ្ធសាស្ត្រការទូតដើមឫស្ស៊ី ក្នុងទំនាក់ទំនងជាមួយមហាអំណាច បានជ្រើសរើសយក ការអនុបវាទពីការថ្កោលទោសសង្រ្គាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ។
ជាជំហ មួយត្រូវបានលោកខាងលិចមើលឃើញថា នៅតែជាទំនាក់ទំនងជិតស្និទ្ធពេកជាមួយរុស្ស៊ី ក្នុងពេលដែលវៀតណាម កំពុងពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
លោក Carl Thayer ជាអ្នកវិភាគម្នាក់ស្ដីពីសន្តិសុខរបស់វៀតណាម មកពីរាជបណ្ឌិតសភាយោធាអូស្ត្រាលី (Australian Defence Force Academy) ក្នុងទីក្រុងកង់បេរ៉ា បានកត់សម្គាល់ថា «ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់កូរ៉េខាងជើង និងវៀតណាម គឺមានគោលបំណងបង្ហាញថាការប៉ុនប៉នរបស់លោកខាងលិច ដើម្បីឱ្យរុស្ស៊ីឯកោ គឺមិនដំណើរការនោះទេ ហើយរុស្ស៉ី នៅតែមានដៃគូក្នុងតំបន់អាស៊ី»។
គួរបញ្ជាក់ថា វៀតណាម បានក្លាយជាប្រទេសទី៣ ដែលលោក ពូទីន បានធ្វើទស្សនកិច្ច បន្ទាប់ពីចិន និងកូរ៉េខាងជើង ចាប់តាំងពីរូបលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីរុស្ស៊ី សម្រាប់ អាណត្តិទី៥ កាលពីខែឧសភាមក។
ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម លោក ពូទីន នឹងត្រូវជួបអគ្គលេខាធិការបក្សកុម្មុយនិស្ដ លោក Nguyen Phu Trong ប្រធានាធិបតី លោក To Lam និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh៕