រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ បានធ្វើការហៅទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo ។
ដើម្បីពិភាក្សាអំពីសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីល និងទីក្រុងវ៉ាស៊ីនតោន បានហៅថាមានការកើនឡើងនៃភាពតានតឹង។
ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការពិភាក្សាតាមទូរសព្ទនេះថា ការពិភាក្សារបស់លោក ប្លីងខិន និងលោក ម៉ាណាឡូ បានធ្វើឡើងបន្ទាប់ពីសកម្មភាពដ៏គ្រោះថ្នាក់ និងគ្មានការទទួលខុសត្រូវរបស់ប្រទេសចិន ក្នុងការរារាំងហ្វីលីពីន ពីការប្រតិបត្តិប្រតិបត្តិការដែនសមុទ្រស្របច្បាប់នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី ខែមិថុនា។
ក្រសួងការបរទេសបាននិយាយថា លោក ប្លីងខិន បានសង្កត់ធ្ងន់ថា សកម្មភាពរបស់ចិន ធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានគូសបញ្ជាក់ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះហ្វីលីពីន ក្រោមសន្ធិសញ្ញាការពារគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែមិថុនា នាវិកហ្វីលីពីនម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីអ្វីដែលយោធារបស់ខ្លួនពណ៌នាថាជា ការបើកបរក្នុងល្បឿនលឿនដោយចេតនា របស់ឆ្មាំល្បាតឆ្នេរចិន ក្នុងគោលបំណងរំខានដល់បេសកកម្មផ្គត់ផ្គង់ឡើងវិញជាទម្លាប់។
ទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានធ្លាក់ចុះយ៉ាងខ្លាំងក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) ដោយទីក្រុងម៉ានីលបានងាកទៅរកសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះក្នុងជម្លោះដែនសមុទ្ររបស់ខ្លួនជាមួយចិន៕