ប៉ូលីសនៅប្រទេសកេនយ៉ា បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក។
ដើម្បីបំបែកក្រុមអ្នកតវ៉ា ដែលប្រមូលផ្តុំគ្នា នៅជិតសភា ក្នុងរដ្ឋធានី ។
ខណៈពួកគេធ្វើបាតុកម្ម ប្រឆាំងនឹងការដំឡើងពន្ធ ដែលមនុស្សជាច្រើន មានការភ័យខ្លាច នឹងធ្វើឱ្យវិបត្តិ តម្លៃរស់នៅកាន់តែអាក្រក់ទៅៗ។
ភាពតានតឹងបានបង្កចលាចលពេញទីក្រុងណៃរ៉ូប៊ី កាលពីថ្ងៃព្រហស្បតិ៍ ។
ខណៈដែលមនុស្សរាប់រយនាក់ បានដើរតាមផ្លូវក្នុងការប្រឆាំងទៅនឹងវិក័យប័ត្រហិរញ្ញវត្ថុ ។
ដែលស្នើឡើងអំពីការដាក់ពន្ធថ្មី និងការយកពន្ធដែលនឹងបង្កើនតម្លៃទំនិញមូលដ្ឋាន។
ការដំឡើងពន្ធ ត្រូវបានព្យាករណ៍ថានឹងបង្កើនចំនួន 346.7 ពាន់លាន shilling ($2.7bn) ស្មើនឹង 1.9 ភាគរយនៃផលិតផល ក្នុងស្រុកសរុប (GDP) និងកាត់បន្ថយឱនភាពថវិកាពី 5.7 ភាគរយទៅ 3.3 ភាគរយនៃផលិតផលក្នុងស្រុកសរុប។
នៅក្នុងការតវ៉ានោះ ក្រុមមន្ត្រីបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បំបែកក្រុមបាតុករ ដែលកំពុងដើរក្បួននៅលើផ្លូវក្បែរវិមានរដ្ឋ ។
ដែលជាការិយាល័យរបស់លោកប្រធានាធិបតី វីលៀម រូតូ (William Ruto) និងនិវេសនដ្ឋានផ្លូវការ។
នៅមុននោះ នគរបាលបានបាញ់ថ្នាំទឹកពណ៌ស្វាយ ពីកាណុងបាញ់ទឹកដាក់លើបាតុករ ។
ខណៈដែលពួកគេបានស្វះស្វែងរកការបោសសម្អាតក្រុមអ្នកតវ៉ា នៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលទីក្រុងណៃរ៉ូប៊ី ហើយបានបិទផ្លូវទៅកាន់សភា។
កាកបាទក្រហមកេនយ៉ា បាននិយាយនៅលើបណ្ដាញសង្គម X ថាខ្លួនបានសង្រ្គោះមនុស្ស ៣៩ នាក់ដែលរងរបួសពីការតវ៉ា ដោយក្នុងនោះមនុស្ស ៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ក្រុមអ្នកតវ៉ានិយាយថា ការដំឡើងពន្ធក្នុងគោលបំណងកាត់បន្ថយឱនភាពថវិកា នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងបង្កើនថ្លៃចំណាយក្នុងការរស់នៅសម្រាប់ ប្រជាជនកេនយ៉ា ដែលកំពុងតែជួបការលំបាក ក្នុងការផ្គត់ផ្គង់ជីវភាព រស់នៅរួចទៅហើយ៕