(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
បានអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ ព្រមទាំងលែងត្រីចំនួន១,៥ លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ សម្តេចធិបតី បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន មន្ត្រី និងប្រជាពលរដ្ឋទប់ស្កាត់ការកាប់ទន្ទ្រានដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងត្រីទឹកសាប ការឈូសឆាយទ្រង់ទ្រាយធំ ការប្រើប្រាស់ជីគីមីហួសហេតុដែលមិនត្រឹមតែធ្វើឲ្យអស់ព្រៃឈើលិចទឹកនោះទេ ហើយពេលទឹកឡើងវាជាប្រភពធ្វើឲ្យពុលត្រីស្លាប់តពូជទៀតផង។
ដូច្នេះយើងត្រូវហ៊ានអារកាត់ទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូចដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិយើង។
ប្រព័ន្ធអេកូឡូស៊ីនៅជុំវិញបឹងទន្លេសាប ជម្រកត្រីពង និងរួមគ្នាដាំដើមឈើឡើងវិញហើយត្រូវធ្វើជាប់ជាប្រចាំ។
ក្នុងនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា
សូមកុំស្រមើស្រម៉ៃថារដ្ឋាភិបាល ធ្វើតែពេលនេះហើយដកថយទុកលំហរអោយធ្វើសកម្មភាពផ្តេសផ្តាស យើងនៅបន្តធ្វើ បន្តថែរក្សា ដរាបណាបឹងទន្លេសាបនៅតែជាជម្រកត្រីពង នៅតែជាតំបន់ដែលត្រូវការពារប្រព័ន្ធអេកូឡូស៊ីដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស រាជរដ្ឋាភិបាល ត្រូវមានកាតព្វកិច្ចដាច់ខាតដើម្បីការពារតំបន់នេះហើយនឹងបន្តជាប្រចាំ។
នេះគឺជាការប្តេជ្ញាចិត្ត ហើយសូមកុំចង់សាកល្បងគិតថារដ្ឋាភបាលថ្មីក្មេងៗអត់ហ៊ានធ្វើអី។ យើងនឹងបន្តធ្វើព្រោះជាកាតព្វកិច្ចកាន់តួនាទីនៅក្នុងរដ្ឋមិនថាក្មេងឬចាស់មានភារកិច្ចដើម្បីការពារនិងអភិវឌ្ឍន៍ប្រទេស៕