ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន(Joe Biden)បានប្តេជ្ញាបន្តប្រជែងតំណែងប្រធានាធិបតីឆ្នាំ២០២៤ ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទជាមួយបុគ្គលិក យុទ្ធនាការបោះឆ្នោតកាលពីថ្ងៃពុធ(០៣ កក្កដា)។
លោក បៃដិន បានហៅទូរសព្ទទៅកាន់សមាជិកដែលកំពុងមានការព្រួយបារម្ភក្នុងក្រុមយុទ្ធនាការរបស់លោក ហើយបានប្រាប់ពួកគេថា លោកមិនចាកចេញទៅណាទេ នេះបើយោងតាមប្រភពពីរដែលដឹងពីបញ្ហានោះ។
លោក បៃដិន បាននិយាយនៅក្នុងសារអេឡិចត្រូនិច (អ៊ីមែល) មួយថា មិនមានអ្នកណាម្នាក់អាចដេញខ្ញុំបានទេ។
ខ្ញុំមិនចាកចេញឡើយ ហើយនឹងបន្តប្រជែងដល់ទីបញ្ចប់ ដោយជំរុញឱ្យអ្នកគាំទ្រឧបត្ថម្ភប្រាក់បន្ថែម ដើម្បីជួយផ្ដួលគូប្រជែងរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី០៥ ខែវិច្ឆិកា។
លោកប្រធានាធិបតីបានជួបតាមអនឡាញ និងដោយផ្ទាល់ជាមួយអភិបាលគណបក្សប្រជាធិបតេយ្យចំនួន ២៤ នាក់ និងអភិបាលក្រុងវ៉ាស៊ីនតោន នៅល្ងាចថ្ងៃពុធ ។
ដើម្បីធានាទំនុកចិត្តឡើងវិញដល់ពួកគេបន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោលថា លោកមានទំនួលខុសត្រូវលើការងារជាអ្នកដឹកនាំសម្រាប់គណបក្ស។
នៅក្នុងការជជែកដេញដោលជាមួយលោក ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន លោក បៃដិន បាននិយាយភ្លាត់ជាច្រើន បាត់បង់ការគិតម្តងម្កាល ហើយពេលខ្លះនិយាយបញ្រ្ចាសប្រធានបទទៀតផង។
ប្រធានាធិបតីរូបនេះ បាននិយាយថាខ្លួនហត់នឿយពេកបន្ទាប់ពីការធ្វើដំណើរក្រៅប្រទេសចំនួនពីរលើក ខណៈសេតវិមានបាននិយាយថាពេលនោះលោកមានជំងឺផ្តាសាយផងដែរ៕