Update៖ ក្រោយផ្ទុះរឿងអាស្រូវលោក ឡង់ សុបិន ត្រូវបានផ្ទេរចេញពីអភិបាលស្រុកឆែប!

(ព្រះវិហារ)៖ បន្ទាប់ពីផ្ទុះរឿងកក្រើក ករណីពលរដ្ឋរួមនិងមន្ត្រីក្រោមឱវាទ សរុបចំនួន២៧៥នាក់ នាំគ្នាផ្ដិតមេដៃប្ដឹងសុំដកលោក ឡង់ សុបិន អភិបាលស្រុកឆែប ខេត្តព្រះវិហារ ចេញពីតួនាទីនោះមក..!។
-នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្លាស់ប្ដូរលោក ឡង់ សុបិន ពីអភិបាលស្រុកឆែប ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តព្រះវិហារ…!។

-ទាក់ទិនបញ្ហានេះ ពលរដ្ឋរួមនិងមន្ត្រីក្រោមឱវាទ សរុបចំនួន២៧៥នាក់ បានធ្វើលិខិតដោយបើកចំហ.គោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ដោយភ្ជាប់មកជាមួយស្នាមមេដៃ ប្រជាពលរដ្ឋចំនួន២១៩នាក់.ស្នាមមេដៃក្រុមប្រឹក្សាស្រុកចំនួន១០នាក់ ស្នាមមេដៃ មន្ត្រីសាលាស្រុកចំនួន១២នាក់.និងស្នាមមេដៃក្រុមប្រឹក្សាឃុំទាំង៨ ចំនួន៣៤នាក់ សរុបចំនួន២៧៥នាក់។

ដោយស្នើសុំឱ្យសម្ដេចធិបតី និងក្រសួងមហាផ្ទៃ ផ្លាស់ប្ដូរមុខតំណែងលោក ឡង់ សុបិន ចេញពីអភិបាលស្រុកឆែប…!។

នៅក្នុងលិខិតនោះបានអះអាងថា«យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨ និងក្រុមប្រឹក្សាស្រុកឆែប ខេត្តព្រះវិហារ។
ពុំដែលទទួលបាននូវភាពកក់ក្តៅ សប្បាយរីករាយ ក្នុងការបំពេញកិច្ចការងារ សោះឡើយ ។
ដោយលោកអភិបាលស្រុករូបនេះ គឺតែងតែព្យាយាមធ្វើទុក្ខបុកម្នេញយើងខ្ញុំទាំងអស់គ្នា តាមគ្រប់រូប ភាពដែលមិនសមជាអ្នកដឹកនាំ គ្រប់គ្រង មានពេលខ្លះស្រែកសំឡុត គំរាមកំហែង ស្តីបន្ទោសថាស្រេចតែចិត្តគាត់ ។
ហើយមិនមានភាពច្បាស់លាស់ ទៅលើការងាររដ្ឋបាល និងបញ្ជាឲ្យធ្វើការងារ តាមតែអារម្មណ៍របស់គាត់។

-មន្ត្រីក្រោមឱវាទបញ្ជាក់ថា៖សកម្មភាពរបស់លោក ឡង់ សុបិន កន្លងមកមានដូចជា ពុំមានការប្រាស្រ័យទាក់ទងល្អជាមួយមន្ត្រីក្រោមឱវាទ ក្រុមប្រឹក្សាឃុំ និងក្រុមប្រឹក្សាស្រុក។
– ប្រើប្រាស់ថវិកាជាតិរបស់រដ្ឋបាលស្រុកមិនត្រឹមត្រូវ កេងចំណេញ គិតតែប្រយោជន៍ផ្ទាល់ខ្លួនជាធំ (ពិសេសកញ្ចប់លទ្ធកម្ម)។

មានអត្តចរិកឆេវឆាវ គ្រប់គ្រងកំហឹងពុំបាន បញ្ចេញសម្តីមិនល្អជាមួយមន្ត្រី និងក្រុមប្រឹក្សា។

សម្ដីគ្មានសុជីវធម៌ សីលធម៌ក្នុងភាពជាអ្នកដឹកនាំ ពុំខ្វល់ខ្វាយពីសាមគ្គីភាពផ្ទៃក្នុង។
មិនមានភក្ដីភាពជាអ្នកដឹកនាំ គ្មានក្រមសីលធម៌ ដឹកនាំតាមអារម្មណ៍របស់ខ្លួន។

ធ្វើការអត្តនោម័ត ពុំដែលស្តាប់យោបល់អ្នកណា ពិសេសគណៈអភិបាលស្រុក និងក្រុមប្រឹក្សាស្រុក។
– គ្មានចំណេះដឹងផ្នែករដ្ឋបាល ដឹកនាំ គ្រប់គ្រង ។
– ពុំសូវនៅអង្គភាពដោយធ្វើការផ្ទេរសិទ្ធិជាញឹកញាប់ តែពេលនៅសាលាស្រុកតែងតែតាមដាន និង ដាក់អវត្តមានមន្ត្រីកំពុងធ្វើការ ដែលពុំទាន់ចុះហត្ថលេខា លើបញ្ជីវត្តមាន។

មិនចេះលើកទឹកចិត្ត និងយកចិត្តទុកដាក់ពីសុខទុក្ខររបស់មន្ត្រីក្រោមឱវាទ ចេះតែចាប់កំហុស។
រាល់កិច្ចប្រជុំគណៈបញ្ជាការឯកភាព និងប្រជុំប្រចាំខែ គឺពុំមានរបៀបវារៈត្រឹមត្រូវ ច្បាស់លាស់ក្នុង កិច្ចប្រជុំ ហើយតែងតែស្តីបន្ទោសមន្ត្រី និងបណ្តេញមន្ត្រីចេញពីអង្គប្រជុំជារឿយៗ។

– មិនដែលចូលរួមកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាស្រុក រយៈពេលជាងមួយឆ្នាំ ហើយគេចវេសមិនចូលរួម វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក និង វេទិកាផ្សព្វផ្សាយ និងពិគ្រោះ
យោបល់របស់ក្រុមប្រឹក្សាខេត្ត។
ហើយមិនដែលចូលរួមដោះស្រាយបញ្ហាប្រឈមផ្សេងៗ ដែលកើត មានឡើងក្នុងស្រុកឡើយ។

– បង្កើតបក្សក្នុងបក្ស បង្កទំនាស់ផ្ទៃក្នុង បំបែកបំបាក់សាមគ្គីផ្ទៃក្នុងរវាងថ្នាក់លើ ថ្នាក់ក្រោម។
– បង្កអោយមានទំនាស់ដីធ្លីជាញឹកញាប់ក្នុងភូមិសាស្ត្រស្រុកឆែប ហើយមិនចូលរួមដោះស្រាយ។

– បង្កើតចលនាដីធ្លី ដោយបានសហការជាមួយលោក ម៉ី សោភា (មន្ត្រីចូលនិវត្តន៍) និងក្រុមហ៊ុន ចំ ការអំពៅចិន ។
ដោយយកដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការអំពៅចិន មិនវិនិយោគលើដំណាំ អំពៅ បែជាជួលដីឲ្យប្រជាពលរដ្ឋដាំដំឡូងមីវិញ (នៅឆ្នាំ២០២៣ ក្នុង១ហិកតាជួលក្នុងតំលៃ ៤៥០,០០០៛ ទៅ៦០០,០០០៛ ។

លុះដល់ឆ្នាំ២០២៤លោក ម៉ី សោភា បានបង្កើនថ្លៃជួលដីរហូត ដល់ ៨០០,០០០៛ ទៅ១,០០០,០០០៛ ដើម្បីជួលឲ្យប្រជាជនក្រៅស្រុក)។ ដែលធ្វើឲ្យប៉ះពាល់ដល់ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតក្នុងស្រុកឆែប យ៉ាងធ្ងន់ធ្ងរបំផុត។

លោក ម៉ី សោភា ម្ចាស់សហគ្រាសអឹមសេវែន គឺបានរំលោភបំពានលើប្រជាពលរដ្ឋដែលបានជួលដី ហើយទាមទារ លុយពីប្រជាពលរដ្ឋមុនការកំណត់ជាប្រចាំ លើកខ្លួនជាស្ដេចក្រាញ់ប្រចាំតំបន់ ដោយមិនខ្លាចរអា ច្បាប់ឡើយ ព្រោះមានការសហការពីអភិបាលស្រុក។

ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ បានប្តឹងឲ្យកំលាំងកងរាជអាវុធហត្ថស្រុក ចាប់យកត្រាក់ទ័ររបស់ប្រជាពលរដ្ឋចំនួនមួយ គ្រឿង ម៉ាកគូបូតាពណ៌ក្រហមលេខ១០៥០ ។
ដែលកំពុងភ្ជួរដីរើសផលដំឡូងមីក្នុងដីចំការដែលបាន ជួល ពីខាងសហគ្រាសអឹមសេវែន។

ពេលចុះចាប់នោះ មានកំលាំងកងរាជអាវុធហត្ថស្រុកចំនួន០៣ នាក់ សន្តិសុខសហគ្រាសអឹមសេវែនចំនួន០៦នាក់ អ្នកបកប្រែចិនចំនួន០១នាក់ ដឹកនាំដោយ លោក ហុង ហាំ មេបញ្ជាការកងរាជអាវុធហត្ថស្រុកឆែប ខេត្តព្រះវិហារ ។
បានចាប់យកត្រាក់ទ័រទៅ រក្សាទុក នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ។
ពេលដែលប្រជាពលរដ្ឋស្នើសុំឲ្យជួយ អន្តរាគមន៍តែលោក ឡង់ សុបិន មិនព្រមចុះហត្ថលេខា លើឯកសារសំណើរបស់ប្រជាពលរដ្ឋ ដោយ គ្មានភាពទទួលខុសត្រូវចំពោះប្រជាពលរដ្ឋរបស់ខ្លួនឡើយ ក្នុងនាមជាថ្នាក់ដឹកនាំស្រុក។

ប្រភពដដែលបន្ថែមទៀតថាកន្លងមក(នៅថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ) ធ្លាប់មានជនអាណាមិកបានបោះត្រាក់នៅមុខសាលាស្រុកឆែប និងនៅមុខសាលាខេត្តព្រះវិហារ រិះគន់ ២០២៣ អំពីអសម្ថភាពដឹកនាំរបស់លោក ឡង់ សុបិន។

បន្ទាប់មក គណៈចាត់តាំង នៃគណៈកម្មាធិការគណបក្សប្រជាជន កម្ពុជាខេត្តព្រះវិហារ ។
បានចុះមកសាកសួរក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ថាតើអត្ថន័យក្នុងត្រាក់នោះ ជាការពិតដែររឺទេ? ។
ប៉ុន្តែមកទល់ពេលនេះ យើងខ្ញុំពុំទាន់បានឃើញចំណាត់ការណាមួយចំពោះបុគ្គលនេះនៅឡើយ។

-ជាចុងក្រោយមន្ត្រីក្រោមឱវាទ ស្នើសុំឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត មេត្តាដក ឬសម្រួលភារកិច្ច លោក ឡង់ សុបិន ចេញពីអភិបាលស្រុកឆែប ខេត្តព្រះវិហារ ដោយក្ដីអនុគ្រោះ។

-ពាក់ព័ន្ធលិខិតបណ្ដឹងខាងលើលោក ឡង់ សុបិន អភិបាលស្រុកឆែប បានថ្លែងបកស្រាយប្រាប់«ដើមរាំង»កាលពីថ្ងៃទី០៦.០៤.២០២៤ថា ការដឹកនាំរបស់លោក គឺល្អប្រសើ។
ក្នុងនោះរូបលោក ក៏មិននឹកស្មានថា មានអ្នកមិនពេញចិត្ត នឹងលោកដែរ។
លោកបន្តថា ខ្ញុំតែងតែធ្វើការណែនាំដល់មន្ត្រីជំនាញ ឬការិយាល័យនានា ឱ្យអនុវត្តតួនាទីភារកិច្ច ល្អដើម្បីបម្រើពលរដ្ឋ។

ចំពោះរឿង ជួលដីសប្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនចំការអំពៅចិន លោកបានបដិសេធថា ខ្ញុំមិនពាក់ព័ន្ធនោះទេ។

-មួយវិញទៀតករណីដែលលោក អ៊ិន ប៉ុន អះអាងថាលោក ឡង់ សុបិន បង្ខំឱ្យសរសេរលិខិតគាំទ្រនោះ..!។
-គឺលោក ឡង់ សុបិន បានបំភ្លឺប្រាប់«ដើមរាំង»នៅព្រឹកទី០៧.០៤.២០២៤ថា.លោកទៅសួរសុខទុក្ខលោក អ៊ិន ប៉ុន ប៉ុណ្ណោះមិនបានគំរាមកំហែង ឬបង្ខិតបង្ខំអ្វីឡើយ មានសាក្សីដឹងឮច្រើនណាស់…!។
-បើតាមលោក ឡង់ សុបិន ការទៅសួរសុខទុក្ខនោះ ក៏ព្រោះតែរវាងរូបលោក និងលោក អ៊ិន ប៉ុន ពុំដែលមានទំនាស់នឹងគ្នា បែរជាមានឈ្មោះ មកប្ដឹងរូបលោកទៅវិញ.!។
លោក ឡង់ សុបិន បញ្ជាក់ថា ការធ្វើលិខិតគាំទ្រ ដល់រូបលោកឱ្យបន្តកាន់តំណែងជាអភិបាលស្រុកឆែប គឺជាការស្ម័គ្រចិត្ត។

-ក្រោយផ្ទុះរឿង មន្ត្រីក្រោមឱវាទប្ដឹងរយៈពេល៤ខែប៉ុណ្ណោះ ឥឡូវលោក ឡង់ សុបិន ត្រូវថ្នាក់ដឹកនាំ សម្រេចផ្លាស់ប្ដូរតួនាទីហើយ៕

Leave a Reply

Your email address will not be published. Required fields are marked *