(រតនគិរី)៖ តុលាការខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២៣ម្សិលមិញ បានសម្រេចឃុំខ្លួនម្ចាស់ឱសថស្ថាន១កន្លែងយីហោ“ពន្លឺសុខភាព”ករណីព្យាបាលអ្នកជំងឺម្នាក់បណ្ដាលឱ្យស្លាប់..!។
សមត្ថកិច្ចបានឱ្យដឹងថា ជនត្រូវចោទជាម្ចាស់ឱសថស្ថាន“ពន្លឺសុខភាព”នៅក្រុងបានលុង ។
ឈ្មោះ លុយ ទី ជាសមាជិកក្រុមប្រឹក្សាសង្កាត់ឡាបានសៀក ត្រូវបានតុលាការខេត្តរតនគិរី សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទព្យាបាលអ្នកជំងឺម្នាក់ បណ្ដាលឱ្យស្លាប់!។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៣ ឱសថស្ថាន“ពន្លឺសុខភាព”បានទទួលព្យាបាលអ្នកជំងឺម្នាក់ឈ្មោះ ប្រាក់ សុភាព អាយុ៣៩ឆ្នាំជាកម្មករជៀជ័រកៅស៊ូ។
ប្រពន្ធឈ្មោះ ឈួនស្រីរ័ត្ន អាយុ២៩ឆ្នាំនៅភូមិ២ សង្កាត់កាចាញ ក្រុងបានលុង។
ប្រពន្ធជនរងគ្រោះបានឱ្យដឹងថាៈ ប្តីគាត់បានដួលម៉ូតូ ពេលកំពុងដឹកជ័រកៅស៊ូយកមកផ្ទះដោយបោកត្រូវចំដើមទ្រូង។
ពេលភ័យខ្លាចរបួសធ្ងន់ធ្ងរនោះនារសៀលថ្ងៃដដែល ក៏នាំប្តីទៅព្យាបាលនៅឱសថស្ថានខាងលើ។
គ្រូពេទ្យបានដាក់សេរ៉ួមឱ្យប្តីគាត់អស់៤-៥ផ្លោករយៈពេល៧ម៉ោង តែអ្នកជំងឺមិនធូរស្រាលសោះ។
ឃើញបែបនេះក្រុមគ្រួសារបានសុំគ្រូពេទ្យយកអ្នកជំងឺចេញ តែប្រធានគ្រប់គ្រងនៅទីនោះមិនព្រមឱ្យយកអ្នកជំងឺចេញទេ ហើយថែមទាំងប្រាប់ថា គេចេះព្យាបាលហើយ។
ប៉ុន្តែអ្វីដែលគ្រូពេទ្យឱសថស្ថាន“ពន្លឺសុខភាព”បានអះអាងនោះមិនអាចជួយសង្គ្រោះជីវិតប្តីគាត់បានឡើយ ។
គឺអ្នកជំងឺមានអាការៈកាន់តែធ្ងន់ធ្ងរ ក្រោយមកក៏ប្រកាច់ទាំងដៃជាប់សេរ៉ូម រហូតដាច់ខ្យល់ស្លាប់ ទើបគ្រូពេទ្យព្រមឱ្យយកសពចេញទៅផ្ទះដើម្បីធ្វើបុណ្យ៕