(ភ្នំពេញ)៖ លោក វង្ស ពិសេន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង ព្រមទាំងមន្ត្រីក្រុមការងារ អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកពារាំង។ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ បានផ្ញើលិខិតគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។
ដែលបានពេញចិត្តនូវទឹកដមសំឡេងរបស់យុវសិស្ស សាយ ស៊ីណា ជាសិស្សរៀននៅថ្នាក់ទី ១០H នៃវិទ្យាល័យព្រៃព្នៅ ស្ថិតនៅឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
បានច្រៀងចម្រៀងមួយបទមានចំណងជើងថា “ស្ពានសាងស្នេហ៍” កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រឡងជ្រើសរើសយុវជនឆ្នើម រៀបចំដោយក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង។
ដោយមានការអាណិតស្រលាញ់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា ដល់យុវសិស្ស សាយ ស៊ីណា និងក្រុមគ្រួសារ ចំនួន១៥.០០០ដុល្លារ ព្រមទាំង បានឧបត្ថម្ភសាលារៀន១ខ្នង ៣ជាន់ ៣០បន្ទប់ ដល់វិទ្យាល័យព្រៃព្នៅ ។
ដើម្បីបំពេញសេចក្ដីត្រូវការរបស់វិទ្យាល័យ ដែលនេះគឺជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ អាណិតស្រលាញ់ របស់សម្ដេចទាំងទ្វេ ដែលតែងតែមានចំពោះប្រជាពលរដ្ឋទូទៅ ហើយក៏ជាកិត្តិយសនិងមោទនភាពបំផុតសម្រាប់យុវសិស្ស និង ក្រុមគ្រួសារ លោកគ្រូ អ្នកគ្រូ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងស្រុកពារាំង ខេត្តព្រៃវែងផងដែរ៕