(ភ្នំពេញ)៖ សាច់បង្កករួមនិងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ត្រូវបានមន្ត្រីជំនាញ ក.ប.ប. សហការជាមួយមន្ត្រីគយតំបន់១ ចុះបង្ក្រាបនិងដកហូតបានយកមកធ្វើការដុតកម្ទេចចោល…!។
នេះបេីយោងមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
មន្រ្តីជំនាញ (ក.ប.ប.) បានឱ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ មន្រ្តីជំនាញ (ក.ប.ប.) រាជធានីភ្នំពេញបានសហការជាមួយ មន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ។
បានចុះបង្ក្រាបផលិតផលសាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង ៣តោន ដែលជាទំនិញល្មើសនឹងសេចក្តីប្រកាសជូនដំណឹង ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កក ដើម្បីធ្វើការដុតកម្ទេចចោល និងចាត់វិធានការទៅតាមនីតិវិធី។
ទំនិញទាំងនោះមានដូចជា៖ ចុងស្លាបមាន់ ទម្ងន់ ២,១៩០គីឡូក្រាម និងពោះវៀនជ្រូក ទម្ងន់ ១,០០៥គីឡូក្រាម (សរុប ៣,១៩៥គីឡូក្រាម) ដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន។
-បន្ទាប់ពីមន្ត្រីជំនាញបានពន្យល់ ណែនាំអំពីនីតិវិធី និងផលប៉ះពាល់នានារួចមក ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កក និងគ្រឿងក្នុងទាំងនោះ ។
ដោយការដុតកម្ទេចចោលនេះ បានធ្វើឡើងនៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោ៕