(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យ ពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មនុស្សនៅតែជាកត្តាស្នូលនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះហើយការអប់រំនិងការបណ្តុះបណ្តាលមូលធនមនុស្សគឺជាយុទ្ធសាស្រ្តវិនិយោគវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដើម្បីបង្កើតមូលដ្ឋានសង្គមសេដ្ឋកិច្ចនិងឧស្សាហកម្មដែលផ្តោតលើជំនាញនិងចំណេះដឹង ។
ដើម្បីធានាថា កម្ពុជានឹងមិនធ្លាក់ចូលទៅក្នុងអន្ទាក់ជាប្រទេសមានចំណូលមធ្យមនៅក្នុងដំណើរការដ៏វែងឆ្ងាយរបស់យើង ឈានឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ដែលសុទ្ធតែផ្តោតសំខាន់ទៅលើកត្តាមនុស្ស ជាក់ស្តែងដូចជាការផ្តល់ការថែទាំសុខភាពឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសាកល ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនដល់យុវជនចំនួនប្រមាណ១លាន៦សែននាក់ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គម សម្រាប់គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះដែលនឹងគ្របដណ្តប់លើប្រជាជនសរុបប្រមាណ៤លាន៣សែននាក់៕