-របាយការណ៍ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន(UNHCR) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍(០៨ សីហា)ថា មនុស្សប្រហែល១៩.០០០នាក់ត្រូវបានសម្លាប់ និងជាង ៣៣.០០០នាក់ បានរងរបួស ចាប់តាំងពីជម្លោះ នៅប្រទេសស៊ូដង់ បានផ្ទុះឡើង ក្នុងខែមេសា ឆ្នាំ២០២៣…!។
របាយការណ៍ បាននិយាយថា ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះកាលពីឆ្នាំមុននេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានចងក្រងឯកសារនៃការវាយប្រហារ ដោយហិង្សាចំនួន ៨៣លើកប្រឆាំងនឹងមូលដ្ឋានពេទ្យ បុគ្គលិក និងអ្នកជំងឺ ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ៥៤នាក់ និងរបួស១០៤នាក់។ បន្ថែមពីលើនេះ កម្មករមនុស្សធម៌ ២៣នាក់បានស្លាប់ និង៣៣នាក់រងរបួសក្នុងជម្លោះ។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃព្រហស្បតិ៍ ជម្លោះប្រដាប់អាវុធនៅស៊ូដង់ បាននាំឱ្យប្រជាជនប្រហែល ១៣លាននាក់ភៀសខ្លួន។
ក្នុងចំណោមនោះ មានប្រហែល ២,៣លាននាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសឆាដ ស៊ូដង់ខាងត្បូង និងប្រទេសជិតខាងផ្សេងទៀតដើម្បីស្វែងរកការជ្រកកោន។
របាយការណ៍ ក៏បានកត់សម្គាល់ផងដែរថា ឥឡូវនេះស៊ូដង់ បានឈានចូលដល់រដូវវស្សា ហើយនាពេលថ្មីៗនេះ តំបន់ជាច្រើនបានរងការវាយប្រហារ ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ដែលនឹងបង្កើនហានិភ័យនៃការផ្ទុះឡើងជាទ្រង់ទ្រាយធំ នៃជំងឺអាសន្នរោគ៕