អង្គការសហប្រជាជាតិ និងដៃគូរបស់ពួកគេ កាលពីថ្ងៃសុក្រ(ទី៩) បានប៉ាន់ប្រមាណថា ប្រជាជនហ្កាហ្សា៦០.០០០នាក់ ប្រហែលជាបានផ្លាស់ទីឆ្ពោះទៅភាគខាងលិចទីក្រុង Khan Younis បន្ទាប់ពីមានការបញ្ជាឱ្យជម្លៀសចុងក្រោយរបស់អ៊ីស្រាអែល…!។
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា បញ្ជាជម្លៀសចុងក្រោយ សម្រាប់អ្នកស្រុកនៅភាគកណ្តាល និងភាគខាងកើតនៃទីក្រុង Khan Younis កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើតាមបញ្ជាចំនួនពីរ កាលពីថ្ងៃពុធ សម្រាប់ប្រជាជន នៅផ្នែកមួយចំនួននៃភាគខាងជើង តំបន់ហ្កាហ្សាឲ្យជម្លៀសចេញ។
OCHA បាននិយាយថា ជិត៤៣គីឡូម៉ែត្រការ៉េនៃភាគខាងជើងនិងភាគខាងត្បូងតំបន់ហ្សា គឺស្ថិតនៅក្រោមការបញ្ជាជម្លៀស នៅសប្តាហ៍នេះ។
OCHA បានបន្ថែមថា៖ ការតាមដានដំបូងដោយដៃគូរបស់យើងនៅក្នុងតំបន់ហ្កាហ្សា បានបញ្ជាក់ថា តំបន់ទាំងនេះរួមមានកន្លែងផ្លាស់ទីលំនៅចំនួន២៣០កន្លែង កន្លែងទឹកស្អាតនិងអនាម័យជាង ៣០កន្លែង និងមណ្ឌលសុខភាពដែលកំពុងដំណើរការ ចំនួន៥កន្លែង រួមទាំងមន្ទីរពេទ្យឥណ្ឌូនេស៊ីផងដែរ៕