UNថា ​សង្គ្រាមនៅ​ហ្គាហ្សា កំពុងគំរាម​កំហែងដល់​សន្តិសុខ​ពិភពលោក យ៉ាងខ្លាំង!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានចេញការព្រមានជាផ្លូវការដ៏កម្រមួយ។
ដល់ក្រុមប្រឹក្សាសន្តិសុខ អំពីការគំរាមកំហែង ជាសកលពីសង្គ្រាមហ្គាហ្សា ។
ខណៈ រដ្ឋអារ៉ាប់ព្យាយាមជំរុញ ឲ្យក្រុមប្រឹក្សា អំពាវនាវបង្កើតបទឈប់បាញ់សាជាថ្មី។

សហរដ្ឋអាមេរិក ដែលជាអំណាចវេតូមួយ ក្នុងចំណោមអំណាចវេតូទាំង៥នៅក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ។
គឺបានប្រឆាំងទៅនឹងបទឈប់បាញ់រវាងសម្ព័ន្ធមិត្តរបស់ខ្លួនអ៊ីស្រាអែល និងក្រុមហាម៉ាស ព្រោះជឿថា ទង្វើបែបនេះនឹងផ្តល់តែប្រយោជន៍ដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនប៉ុណ្ណោះ។

យ៉ាងណាមិញ ទីក្រុងវ៉ាស៊ីនតោន បានគាំទ្រដល់ការផ្អាកបាញ់មនុស្សធម៌ ដើម្បីការពារជនស៊ីវិល និងអនុញ្ញាតឲ្យមានការដោះលែងចំណាប់ខ្មាំង ដែលត្រូវក្រុមហាម៉ាស ចាប់យកអំឡុងការវាយប្រហារថ្ងៃទី៧ខែតុលាលើអ៊ីស្រាអែល។

ទោះជាយ៉ាងណា លោក Guterres ឯណេះវិញ, ប្រមុខ UN រូបនេះបានប្រាប់ក្រុមប្រឹក្សា នៅក្នុងលិខិតមួយថា សង្រ្គាមនៅតំបន់ហ្គាហ្សា អាចនាំឲ្យការគំរាមកំហែងដែលមានស្រាប់ កាន់តែធ្ងន់ធ្ងរឡើងៗ ដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
លោកថែមទាំងអំពាវនាវឲ្យយកមាត្រា៩៩ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមកប្រើទៀតផង ដែលមាត្រានោះ អនុញ្ញាតឲ្យក្រុមប្រឹក្សាសន្តិសុខយកចិត្តទុកដាក់តាមគំនិតរបស់គាត់ ចំពោះបញ្ហាដែលអាចគំរាមកំហែងដល់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។

ទន្ទឹមនោះ អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា មាត្រានេះ មិនត្រូវបានប្រើប្រាស់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
តាមការបញ្ជាក់ពីលោក Guterres, “យើងកំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ នៃការដួលរលំប្រព័ន្ធមនុស្សធម៌។
ស្ថានភាពកាន់តែយ៉ាប់យ៉ឺនយ៉ាងលឿនក្លាយទៅជាមហន្តរាយ ជាមួយនឹងផលប៉ះពាល់ដែលមិនអាចវិលត្រលប់វិញបានសម្រាប់ប៉ាឡេស្ទីនទាំងមូល និងសម្រាប់សន្តិភាពនិងសន្តិសុខក្នុងតំបន់”។

ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller និយាយថា “ពិតណាស់ មានការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងការគំរាមកំហែងដល់សន្តិសុខពិភពលោកដែលផ្តើមចេញពីជម្លោះអ៊ីស្រាអែល-ហាម៉ាស។
យើងបាននិយាយបន្ទាប់ពីថ្ងៃទី៧ខែតុលា ហើយយើងបានបញ្ជាក់យ៉ាងច្បាស់ថា រឿងមួយដែលយើងកំពុងព្យាយាមធ្វើគឺ ការពារជម្លោះនេះពីការរីករាលដាល”។

គួរបញ្ជាក់ថា អ៊ីស្រាអែល ​បានបើក​យុទ្ធនាការ​យោធា​របស់​ខ្លួន ​ដើម្បី​កម្ទេច​ក្រុម​ហាម៉ាស ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ៧ តុលា ដែល​អ៊ីស្រាអែល​និយាយ​ថា​ មនុស្សប្រមាណ ១២០០នាក់​ត្រូវ​បាន​សម្លាប់ និង​ចាប់​ចំណាប់​ខ្មាំង ២៤០ នាក់​។
ដោយឡែក តួលេខដែលត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលនៅហ្គាហ្សា បានដាក់ចំនួនមនុស្សស្លាប់នៅប៉ាឡេស្ទីន មានប្រមាណ ១៦០១៥នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *