បើតាមទិន្នន័យផ្លូវការ ដែលចេញផ្សាយ កាលពីថ្ងៃពុធ (ទី១៤ ខែសីហា) បានឱ្យដឹងថា រាត្រីត្រូពិចដ៏ក្តៅគគុក នឹងបំបែកកំណត់ត្រាអាកាសធាតុក្ដៅខ្លាំង របស់កូរ៉េខាងត្បូង ដែលមានអាយុកាលមួយសតវត្សរ៍ ខណៈឧបទ្វីបកូរ៉េ កំពុងស្ថិតក្រោមរលកកម្ដៅដ៏អូសបន្លាយ។
ជាមួយគ្នានេះ អាជ្ញាធរកូរ៉េខាងជើងក៏បានចេញការព្រមានអំពី កម្ដៅដ៏គ្រោះថ្នាក់ ជាមួយនឹងសីតុណ្ហភាពអាចឡើងដល់ ៣៧អង្សារសេ។
ខណៈរូបភាពពីសារព័ត៌មាន AFP បានបង្ហាញអ្នកស្រុកទីក្រុងព្យុងយ៉ាង ប្រើប្រាស់ឆ័ត្រ និងកូនកង្ហាតូចៗដាក់តាមខ្លួន ដើម្បីផ្ដល់ភាពត្រជាក់។
ផ្នែកភាគច្រើននៃពិភពលោក កំពុងស៊ូទ្រាំនឹងរដូវក្តៅដែលមានអាកាសធាតុក្ដៅខ្លាំង ។
ដោយអង្គការសហប្រជាជាតិ បានព្រមានកាលពីខែមុនថា មនុស្សជាតិកំពុងទទួលរង ការរីករាលដាលនៃកម្ដៅខ្ពស់ និងអំពាវនាវឱ្យចាត់វិធានការ ដើម្បីបន្ថយផលប៉ះពាល់ នៃរលកកម្ដៅដែលកាន់តែខ្លាំងឡើងដោយបម្រែបម្រួលអាកាសធាតុ។
ទីក្រុងសេអ៊ូល បានឆ្លងកាត់រាត្រីត្រូពិចលើកទី២៤ ជាប់ៗគ្នាដល់ថ្ងៃពុធ ដែលជារយៈពេលវែងបំផុតទីពីរចាប់តាំងពីការសង្កេតអាកាសធាតុសម័យទំនើបបានចាប់ផ្តើមនៅឆ្នាំ១៩០៧។
សូមបញ្ជាក់ថា បាតុភូត រាត្រីត្រូពិច សំដៅទៅលើនៅពេលដែលសីតុណ្ហភាពមិនធ្លាក់ចុះក្រោម ២៥អង្សាសេពេញមួយយប់ នេះបើយោងតាមឧតុនិយមរដ្ឋបាលកូរ៉េ។
ជាមួយនឹងការព្យាករថារលកកម្ដៅនឹងបន្តដល់សប្តាហ៍ក្រោយ កូរ៉េខាងត្បូងទំនងជានឹងបំបែកកំណត់ត្រាកម្ដៅ ២៦ថ្ងៃជាប់ៗគ្នានៅថ្ងៃសៅរ៍ (១៧ សីហា) ខាងមុខនេះ។
យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃទីក្រុងសេអ៊ូល បានឱ្យដឹងថា រហូតមកដល់ពេលនេះមនុស្ស ២១នាក់បានស្លាប់ដោយសង្ស័យថាបណ្តាលមកពីកម្ដៅ៕