មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្មនៅតាមទីក្រុងនានា នៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ(ទី១៦ខែសីហា) ។
ដើម្បីតវ៉ាប្រឆាំង នឹងការចាប់រំលោភ និងសម្លាប់វេជ្ជបណ្ឌិត ហាត់ការម្នាក់ នៅមន្ទីរពេទ្យរដ្ឋាភិបាលមួយ ។
ដោយទាមទាររកយុត្តិធម៌ និងសន្តិសុខ ឲ្យកាន់តែប្រសើរ នៅតាមបរិវេណពេទ្យ និងនៅតាមមន្ទីរពេទ្យនានា។
ក្រុមបាតុករ បានកាន់ស្លាកសញ្ញាអំពាវនាវឱ្យ មានការទទួលខុសត្រូវចំពោះការចាប់រំលោភ និងសម្លាប់ស្ត្រី ។
ខណៈពួកគេបានមកប្រមូលផ្តុំគ្នានៅជិតសភា ក្នុងទីក្រុង New Delhi។
ការតវ៉ាស្រដៀងគ្នានេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងKolkata ភាគខាងកើត ជារដ្ឋធានី នៃរដ្ឋ West Bengal ជាកន្លែងដែលការសម្លាប់វេជ្ជបណ្ឌិតស្ត្រីបានកើតឡើង និងនៅទីក្រុងផ្សេងទៀតរបស់ឥណ្ឌា ព្រមទាំងទីក្រុង Mumbai ផងដែរ។
ការតវ៉ា ដែលជាទូទៅធ្វើដោយសន្តិវិធី បានចាប់ផ្តើមកាលពីថ្ងៃទី៩ ខែសីហា នៅពេលដែលនគរបាលបានរកឃើញសាកសពដែលប្រឡាក់ឈាម របស់វេជ្ជបណ្ឌិតអាយុ៣១ឆ្នាំម្នាក់ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ R.G. Kar Medical College របស់រដ្ឋ និងសាលប្រជុំរបស់មន្ទីរពេទ្យនៅទីក្រុង Kolkata ។
ការធ្វើកោសល្យវិច័យក្រោយមក បញ្ជាក់ពីការរំលោភផ្លូវភេទ ហើយនគរបាលស្ម័គ្រចិត្តម្នាក់ ត្រូវបានឃុំខ្លួនពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មនេះ។
ក្រុមគ្រួសារជនរងគ្រោះ បានចោទប្រកាន់ថា ជាករណីរំលោភដោយក្រុមជនអន្ធពាល និងមានការពាក់ព័ន្ធជាច្រើនទៀត។
មន្ត្រីរដ្ឋាភិបាលរដ្ឋ ដែលចាប់ផ្តើមស៊ើបអង្កេតករណីនេះ ត្រូវបានចោទប្រកាន់ពីបទគ្រប់គ្រងមិនបានល្អ៕