រុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ប្រើប្រាស់គ្រាប់រ៉ុក្កែត របស់លោកខាងលិច ផលិតនៅសហរដ្ឋអាមេរិក។
ដើម្បីវាយប្រហារ លើស្ពានយុទ្ធសាស្ត្រលើទន្លេ Seym ក្នុងតំបន់ Kursk ដោយបានសម្លាប់អ្នកស្ម័គ្រចិត្ត ដែលព្យាយាមជម្លៀសជនស៊ីវិល។
កងកម្លាំងអ៊ុយក្រែន បានវាយលុកលើស្ពាននៅតំបន់ Glushkovsky នៃទីក្រុង Kursk កាលពីថ្ងៃសុក្រ។
ខណៈដែលពួកគេ បានវាយរុញទៅមុខ ចូលទៅក្នុងទឹកដីនៅភាគខាងលិចប្រទេសរុស្ស៊ី។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីបាននិយាយកាលពីល្ងាចថ្ងៃសុក្រលើកម្មវិធីផ្ញើសារ Telegram ថា “ជាលើកដំបូងដែលតំបន់ Kursk ត្រូវបានវាយប្រហារ ដោយគ្រាប់រ៉ុក្កែតផលិត ដោយលោកខាងលិច ប្រហែលជា HIMARS របស់អាមេរិក”។
មន្ត្រីរុស្ស៊ី រូបនេះក៏បាននិយាយដែរថា ការបំផ្លិចបំផ្លាញស្ពាននេះ នឹងរារាំងដល់ការជម្លៀសជនស៊ីវិលចេញពីតំបន់នោះ។
គួរជម្រាបថា ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងទីក្រុង Kursk កើតឡើងតែប៉ុន្មានខែប៉ុណ្ណោះ ។
បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូមួយចំនួនបាននិយាយកាលពីខែឧសភាថា ពួកគេបានអនុញ្ញាតឱ្យទីក្រុង Kyiv ប្រើប្រាស់អាវុធ របស់ពួកគេដើម្បីវាយប្រហារគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី។
យោធាអ៊ុយក្រែន ដែលបាននិងកំពុងប្រយុទ្ធនឹង ការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2022 បានចាប់ផ្តើមការវាយលុក Kursk នៅដើមខែនេះ ។
ដែលជាយុទ្ធនាការមួយដែលត្រូវបានពិពណ៌នាថា ជាការលុកលុយលើកដំបូងដោយកងទ័ពបរទេសចូលទៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕