ព្រះមហាក្សត្រថៃ Maha Vajiralongkorn នៅថ្ងៃអាទិត្យ (ទី១៨ ខែសីហា) បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គ្រាប់តែងតាំងអ្នកស្រី Paetongtarn Shinawatra ជានាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃជាផ្លូវការ..!។
-ការចេញព្រះរាជក្រឹត្យ នៅពេលនេះបន្ទាប់ពីអ្នកស្រី Paetongtarn Shinawatra ត្រូវបានរដ្ឋសភាថៃ
បោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្ត្រី។
ព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រ Maha Vajiralongkorn ត្រូវបានអាន ដោយលេខាធិការរដ្ឋសភាថៃ លោក Apat Sukhanand នៅឯពិធីផ្លូវការមួយរៀបចំឡើងក្នុង ទីក្រុងបាងកក។
ដោយស្លៀកសម្លៀកបំពាក់ឯកសណ្ឋាន អ្នកស្រី Paetongtarn បានលុតជង្គង់ និងធ្វើការគោរពនៅចំពោះមុខរូបថតព្រះមហាក្សត្រថៃ ។
មុននឹងធ្វើការ ថ្លែងសុន្ទរកថា ខ្លីមួយអរគុណទៅកាន់ព្រះមហាក្សត្រ និងអ្នកតំណាងរាស្ត្រ សម្រាប់ការជ្រើសតាំងឱ្យអ្នកស្រីឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។
ក្នុងសុន្ទរកថា អ្នកស្រី Paetongtarn បានគូសបញ្ជាក់ដូច្នេះថា ក្នុងនាមជាប្រមុខរដ្ឋាភិបាល ខ្ញុំនឹងបំពេញភារកិច្ចរបស់ខ្ញុំ រួមគ្នាជាមួយអ្នកតំណាងរាស្ត្រ ដោយបើកចិត្ត ទូលាយ។
ខ្ញុំនឹងស្ដាប់រាល់មតិទាំងអស់ ធ្វើដូច្នេះទើបយើងអាចនាំប្រទេសឆ្ពោះទៅរកស្ថិរភាព។
គួរបញ្ជាក់ថា អ្នកស្រី Paetongtarn មានអាយុ៣៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃ និងជានាយករដ្ឋមន្ត្រីជាស្ត្រីទី២ បន្ទាប់ពីអ្នកស្រី យ៉ីងឡាក់ ដែលត្រូវជាមីងរបស់អ្នកស្រី។
អ្នកស្រី ដែលជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងឱ្យកាន់តំណែងជា នាយករដ្ឋមន្ត្រីថៃកាលពីសុក្រ ទី១៦ ខែសីហា ។
ពោលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សេដ្ឋា ថាវីស៊ីន ត្រូវបានតុលាការធម្មនុញ្ញ ដកចេញពីតំណែងជានាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលមានប្រវត្តិជាប់ពន្ធនាគារ៕