(ភ្នំពេញ)៖ ស្ថានទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង បញ្ជាក់ថា ការផ្តល់សេវាលិខិតឆ្លងដែនធម្មតា ជូនពលរដ្ឋ និងពលករកូរ៉េខាងត្បូង នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។
ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា«ការផ្តល់សេវាលិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជា នៅសាធារណរដ្ឋកូរ៉េ នឹងត្រូវ បិទបញ្ចប់ចាប់ពី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤តទៅ»។
ដោយឡែក សម្រាប់បងប្អូនដែលបានអញ្ជើញមកដាក់ពាក្យស្នើសុំរួច អាចមកទទួល លិខិតឆ្លងដែន ទៅតាមការជូនដំណឹងលើគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតរហូតដល់អស់។
ចំពោះបងប្អូនដែលមានបំណងស្នើសុំ បន្ទាប់ពីពីការបិទបញ្ចប់នេះ សាមីខ្លួនត្រូវទៅស្នើសុំ ដោយផ្ទាល់នៅកម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមអំពាវនាវដល់ បងប្អូន ខ្មែរទាំងអស់ដែលមានបំណងស្នើសុំ លិខិតឆ្លងដែនធម្មតាថ្មី សូមប្រញាប់រួសរាន់ អញ្ជើញមកដាក់ពាក្យស្នើសុំចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤៕