(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស១០ ធ្នូ ក្រោមប្រធានបទ ខួបទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។
លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា វឌ្ឍនភាពនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមកដល់បច្ចុប្បន្នតែប្រកាន់ខ្ជាប់ជានិច្ចនូវសិទ្ធិរស់រានមានជីវិត ។
ក្នុងដំណាក់កាល២សំខាន់ទី១ ការសង្គ្រោះអាយុជីវិតរបស់ពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុលពត និងការនាំមកនូវសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស ឯកភាពជាតិ ឯកភាពទឹកដី តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន ហើយដែលសន្តិភាពនេះ។
គឺជាមូលដ្ឋាន គ្រឹះនៃសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានចាំបាច់បំផុតរបស់មនុស្ស ព្រមជាមួយនឹង ការអភិវឌ្ឍលើគ្រប់វិស័យ និងទី២ ក្នុងដំណាក់ប្រយុទ្ធប្រឆាំងនឹងការរីករាលដាល និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោក ប៉េន សុផល ប្រធានស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិកន្លងមក និងអាណត្តិនេះបានយកចិត្តទុកដាក់ខ្ពស់លើសិទ្ធិប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកុមារដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ។
លោកស្រី លី ពិសី ប្រធានសម្របសម្រួលអង្គការសហគមន៍ឥន្ធនូកម្ពុជា លើកឡើថា សិទ្ធិមនុស្សនៅកម្ពុជាមានដំណើរការល្អប្រសើរពីមួយដំណាក់កាលទៅមួយដំណាក់កាល មានលក្ខណៈល្អប្រសើរ បើធៀបទៅនឹងប្រទេសក្នុងតំបន់។
លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី បញ្ជាក់ថា សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ ហើយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋជាប់ជាប្រចាំ ដូចជា ការចេញប័ណ្ណសមធម៌ជូនជនក្រីក្រ ការដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ការផ្តល់របបសន្តិសុខសង្គម ការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ជាដើម៕