ប្រធានាធិបតី អ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃអាទិត្យ (ទី២៥ ខែសីហា) បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខប្រហែល ៣គីឡូម៉ែត្របន្ថែមទៀត ក្នុងទឹកដីរុស្ស៊ី។
លោក Zelensky បានកើតឡើងស្របពេលដែលអ៊ុយក្រែន បានអំពាវនាវឱ្យ ប្រទេសជិតខាងរបស់ខ្លួន គឺបេឡារុស ដកកងកម្លាំងនិងគ្រឿងយោធា ចេញពីព្រំដែន ដែលបានដាក់ពង្រាយ។
ក្រសួងការបរទេសអ៊ុយក្រែន បានព្រមានបេឡារុស កុំឱ្យធ្វើ កំហុសដ៏សោកនាដកម្ម ស្របពេលដែលស្ថិតនៅក្រោមសម្ពាធ ពីទីក្រុងមូស្គូ។
បេឡារុស កាលពីសប្តាហ៍មុន បានបញ្ជូនយន្តហោះ កងកម្លាំងការពារដែនអាកាស និងគ្រឿងសព្វាវុធបន្ថែមទៀតទៅកាន់ព្រំដែនជាមួយអ៊ុយក្រែន ។
បន្ទាប់ពីលោកប្រធានាធិបតី អាឡិចសាន់ដឺ លូកាស៊ិនកូ (Alexander Lukashenko) បាននិយាយថា លោកបានពង្រាយកងកម្លាំងប្រដាប់អាវុធ ជិតមួយភាគបីរបស់បេឡារុសទៅកាន់តំបន់ព្រំដែន។
ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជូនកាំភ្លើងធំបន្ថែមទៀតទៅកាន់តំបន់ Kursk ជាទីដែលកងកម្លាំងរុស្ស៊ី កំពុងប្រយុទ្ធទប់ទល់ជាមួយទាហានអ៊ុយក្រែន៕