យោធារបស់កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍(ទី០៧ ខែកញ្ញា)ថា ខ្លួនបានបង្ហោះបាឡុង ដែលពោរពេញដោយសំរាមបន្ថែមទៀត ឆ្ពោះទៅកាន់កូរ៉េខាងត្បូង..!។
ដោយកូរ៉េខាងជើង ចាត់ទុកការបង្ហោះនេះថា ជាការយុទ្ធនាការសងសឹក ទៅលើកូរ៉េខាងត្បូង ជុំវិញការបង្កហេតុនិងការឃោសនា។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះបាឡុងជាង ៩០០គ្រឿង ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ រួមទាំងប្រហែល ១៩០គ្រឿងនៅយប់ថ្ងៃសុក្រ ហើយប្រហែល ១០០គ្រឿងបានធ្លាក់មកក្រោមរួចហើយ ដែលភាគច្រើននៅក្នុងទីក្រុងសេអ៊ូល និងខេត្ត ក្យ៉ុងជី (Gyeonggi)ភាគខាងជើង។
យោធាបាននិយាយថា ថង់ដែលភ្ជាប់ទៅនឹងបាឡុងទាំងនោះមាន ភាគច្រើនជាក្រដាស និងកាកសំណល់ប្លាស្ទិក ដោយបន្ថែមថា សំរាមទាំងនោះមិនបង្កហានិភ័យសុវត្ថិភាពដល់សាធារណជនឡើយ។
កូរ៉េខាងជើង បានបញ្ជូនបាឡុងពោរពេញដោយសំរាមជិត ៥.០០០គ្រឿងទៅកូរ៉េខាងត្បូងចាប់តាំងពីខែឧសភាមក ដោយនិយាយថាបាឡុងគឺជាការសងសឹកចំពោះការបាញ់បង្ហោះបាឡុង និងខិត្តបណ្ណឃោសនាប្រឆាំងកូរ៉េខាងជើងដោយសកម្មជនកូរ៉េខាងត្បូង។
ជាការឆ្លើយតប ទីក្រុងសេអ៊ូលបានផ្អាកកិច្ចព្រមព្រៀងយោធាកាត់បន្ថយភាពតានតឹងជាមួយទីក្រុងព្យុងយ៉ាង ហើយបានចាប់ផ្តើមឡើងវិញនូវការផ្សាយឃោសនាមួយចំនួនពីឧបករណ៍បំពងសម្លេងនៅតាមព្រំដែន។ យ៉ាងណាក៏ដោយ អ្នកស្រុកកូរ៉េខាងត្បូងមានអារម្មណ៍ រំខានដោយប្រតិបត្តិការសម្អាតដ៏មមាញឹក និងបារម្ភអំពីការកើនឡើងនៃភាពតានតឹងកាន់តែខ្លាំង៕