(ភ្នំពេញ)៖ នៅព្រឹកទី១៧.០៩.២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះនៅលើផេកផ្លូវការថា”រសៀលម្សិលមិញ ខ្ញុំបានឆ្លៀតចូលវិទ្យាល័យហ៊ុនសែនតាខ្មៅ បន្ទាប់ពីទទួលបានសំណូមពររបស់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធនឹងការខ្វះខាតថ្នាក់រៀន ដោយសារចំនួនសិស្សមានការកើនឡើងច្រើន។ ម្យ៉ាងទៀតក៏ចង់ចូលមើលវិទ្យាល័យនេះ ដែលខ្ញុំធ្វើដំណើរឆ្លងកាត់រៀងរាល់ពេលទៅធ្វើការ រយៈពេលជាង១ឆ្នាំមកហើយ។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែង នូវសំណូមពរ និងបានពិភក្សាគ្នាជាមួយនឹងលោកនាយកសាលា ខ្ញុំបានសម្រេចផ្ដល់ជូននូវអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ស្មើនឹង ៣០បន្ទប់ ព្រមទាំងផ្តល់ជូននូវឧបករណ៍ សម្ភារៈមួយចំនួនទៀតសម្រាប់បម្រើដល់ការអប់រំ បណ្ដុះបណ្ដាលដល់សិស្សានុសិស្សនៃវិទ្យាល័យហ៊ុនសែនតាខ្មៅនេះ ដែលបច្ចុប្បនមានសិស្សសរុបប្រមាណជាង ២ ៣៥១ នាក់ ដោយរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅឆ្នាំខាងមុខ”៕