(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន ចូលរួមជាមួយរាជរដ្ឋាភិបាលធ្វើការប្រឆាំងដាច់ខាតចំពោះចេតនាបង្កភាពចលាចលក្នុងសង្គមតាមរយៈការប្រឌិតព័ត៌មានមិនពិត ការភូតភរ ក្លែងបន្លំ និងការញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព និងស្ថិរភាពសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបណ្តុះវប្បធម៌សន្តិភាព និងការរក្សាបានចីរភាពនៃការអភិវឌ្ឍ សង្គមជាតិយើង។ នេះបើយោងតាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ទិវាសន្តិភាពអន្តរជាតិ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤។
តាមរយៈសារលិខិតនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានប្រឌិតព័ត៌មានមិនពិតគ្មាន មូលដ្ឋានពិតប្រាកដ ញុះញង់បងប្អូនប្រជាពលរដ្ឋឱ្យធ្វើសកម្មភាពដែលបង្កអសន្តិសុខ បំផ្លាញសន្តិភាព ធ្វើឱ្យប៉ះពាល់ដល់ការបណ្តុះវប្បធម៌សន្តិភាព និងសន្តិសុខរបស់ប្រទេស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា សន្តិភាពងាយណាស់ក្នុងការបាត់បង់ តែពិបាកក្នុងការស្វែងរកមកវិញ ហើយបើរកមកបានវិញ ក៏ត្រូវការពេលវេលា និងការលះបង់ជាច្រើនផងដែរ។ ហេតុនេះហើយ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សូមបញ្ជាក់សាជាថ្មីឡើងវិញ នូវការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា សន្តិភាព និង ការតម្កល់ សន្តិភាព ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ៕