ប្រជាជននៅប្រទេសលីបង់ កាលពីថ្ងៃចន្ទ(ទី២៣ខែកញ្ញា) បានបង្ហាញភាពភ័យខ្លាចកាន់តែខ្លាំង អំពីការផ្ទុះសង្គ្រាង រវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា.លីបង់។
ស្របពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារ តាមអាកាសកាន់តែខ្លាំង នៅទូទាំងភាគខាងត្បូងប្រទេសលីបង់។
អ៊ីស្រាអែល បានវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ទូទាំងប្រទេសនេះ សំដៅលើក្រុមហេសបូឡា កាលពីថ្ងៃចន្ទ។
ហើយបានព្រមានពលរដ្ឋលីបង់ ឱ្យជម្លៀសចេញពីតំបន់ជាទីក្រុមប្រដាប់អាវុធកំពុងស្តុកអាវុធ ដែលគេមើលឃើញថា កំពុងខិតជិតមាត់ជ្រោះនៃសង្រ្គាមពេញបន្ទុក។
លោក Mohamed Sibai ម្ចាស់ហាងជនជាតិលីបង់ បាននិយាយថា នេះជាការចាប់ផ្តើមនៃសង្រ្គាមហើយ ដោយសំដៅដល់អ៊ីស្រាអែល លោកបានបន្ថែមថា ពួកគេបានឆ្លងបន្ទាត់ក្រហមទាំងអស់។
បុគ្គលិករដ្ឋលីបង់ម្នាក់ លោក Joseph Ghafary ដែលបានបាត់បង់ជើងម្ខាងក្នុងការផ្ទុះកំពង់ផែបេរូត កាលពី៤ឆ្នាំមុន បានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងថាអាចនឹងផ្ទុះសង្រ្គាមធ្ងន់ធ្ងរ ខណៈលោកសង្កត់ធ្ងន់ថាជនជាតិលីបង់ប្រឆាំងនឹងសង្គ្រាម លោកជឿថាការកើនឡើងនៃជម្លោះគឺជៀសមិនរួច៕