ក្រុម Hezbollah នៅថ្ងៃអង្គារ(ទី២៤ខែកញ្ញា) បានបញ្ជាក់ពីការស្លាប់ មេបញ្ជាការកំពូលរបស់ខ្លួនម្នាក់ គឺ Ibrahim Kobeisi ។
ដែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល នៅជាយក្រុង Beirut ភាគខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ហេសបូឡា បានប្រកាសពីមរណភាពរបស់លោកមេបញ្ជាការ Ibrahim Mohammed Kobeissi ។
ដែលបានពលីជីវិត នៅតាមផ្លូវឆ្ពោះទៅកាន់ទីក្រុង ហ្ស៊េរុយសាឡិម។
ប្រយោគ ពលីជីវិតនៅតាមផ្លូវឆ្ពោះទៅកាន់ទីក្រុងហ្ស៊េរុយសាឡិម គឺជាប្រយោគមួយ ដែលហេសបូឡា ចង់សំដៅលើអ្នកប្រយុទ្ធរបស់ខ្លួនណាម្នាក់ដែលត្រូវបាន សម្លាប់ដោយការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល។
កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែលបានអះអាងថា ខ្លួនបានកម្ទេចលោក Ibrahim Mohammed Kobeissi ដែលជាមេបញ្ជាការម្នាក់ទទួលខុសត្រូវលើបណ្ដាញគ្រាប់រ៉ុក្កែត និងមីស៊ីល របស់ហេសបូឡា។
ជាមួយគ្នានោះ ក្រសួងសុខាភិបាលលីបង់ ក៏បានបញ្ជាក់ដែរថាអ៊ីស្រាអែល បានវាយប្រហារលើតំបន់ Ghobeiri ស្ថិតនៅជាយរដ្ឋធានីបេរូត សម្លាប់មនុស្ស ៦នាក់ និង១៥នាក់រងរបួស។
គួរបញ្ជាក់ថា បើតាមយោធាអ៊ីស្រាអែល លោក Kobeissi ទទួលខុសត្រូវលើកងកម្លាំងរ៉ុក្កែតជាច្រើនអង្គភាព របស់ហេសបូឡា ក្នុងនោះរួមទាំង កងកម្លាំងបាញ់មីស៊ីលមានប្រព័ន្ធ កំណត់គោលដៅជាក់លាក់៕