(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យចំនួន៦នាក់ទៅតុលាការ ពាក់ព័ន្ធសកម្មភាពកាប់ប្លន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន២៦លើកមកហើយ។
មន្ត្រីនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវជាច្រើនខែមកហើយ ។
ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន៦នាក់ កាលពីថ្ងៃទី៥ ខែធ្នូ។
ក្នុងនោះមានជនដៃដល់ចំនួន៥នាក់ និងអ្នកទទួលផលចោរកម្មម្នាក់។
ជនសង្ស័យ៦នាក់-ឈ្មោះ សុខ តុលា អាយុ ១៨ឆ្នាំ-ឈ្មោះ ពៅ ឌូ អាយុ១៨ឆ្នាំ-ឈ្មោះ ឌុល ប្រាថ្នាអាយុ១៩ឆ្នាំ-ឈ្មោះ អេង សំណាងអាយុ១៨ឆ្នាំ-ឈ្មោះ ឈន ម៉េងឡុងអាយុ១៨ឆ្នាំ និងឈ្មោះលី ហៃ អាយុ២០ឆ្នាំ។ពួកគេនៅខណ្ឌដង្កោ-ខណ្ឌមានជ័យ-ខណ្ឌច្បារអំពៅ និងរាជធានីភ្នំពេញ ។
មន្ត្រីដដែលបានបន្តថា ក្រុមជនសង្ស័យជាមុខសញ្ញាកាប់ប្លន់ ដែលប្រព្រឹត្តអំពើហិង្សា និងប្រើកាំបិតប៉័ងតោកាប់ប្លន់យកម៉ូតូ ក្នុងរាជធានីភ្នំពេញចំនួន២៦ករណីនៅខណ្ឌទាំង៦។
ក្នុងនោះមានខណ្ឌសែនសុខ-ខណ្ឌដង្កោ-ខណ្ឌកំបូល-ខណ្ឌព្រែកព្នៅ-ខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ។
ពេលចាប់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុតាងមានម៉ូតូចំនួន១០គ្រឿង ដែលម៉ូតូជិះធ្វើសកម្មភាព ២គ្រឿង និងម៉ូតូជនរងគ្រោះចំនួន៨គ្រឿង។
បន្ទាប់មកផ្នែកនគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូន ជនសង្ស័យជាមួយវត្ថុតាង ទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់៕