កាលពីយប់ថ្ងៃអង្គារ(ទី១ខែតុលា) ប្រទេសអ៊ីរ៉ង់ បានបាញ់ស្រោចមីស៊ីល ផ្លោងចូលប្រទេសអ៊ីស្រាអែល ចំនួន១៨០គ្រាប់។
ដោយអ៊ីរ៉ង់ថា នេះគឺជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់ មេដឹកនាំហាម៉ាស់ មេដឹកនាំហេសបូឡា និងមេបញ្ជាការអ៊ីរ៉ង់ ដែលត្រូវបានអ៊ីស្រាអែលធ្វើឃាត…។
-នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AFP។
-យោធាអ៊ីស្រាអែលថា អ៊ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទីគ១៨០គ្រាប់ ចូលក្នុងទឹកដីអ៊ីស្រាអែល។
ហើយភាគច្រើននៃមីស៊ីលទាំងអស់នេះត្រូវបានស្ទាក់បំផ្លាញ ដោយប្រព័ន្ធការពារដែនអាកាស ។
ខណៈកងទ័ពជើងទឹកអាមេរិកនៅក្នុងតំបន់ ក៏បានជួយបាញ់ស្ទាក់បំផ្លាញមីស៊ីល រាប់សិបគ្រាប់របស់អ៊ីរ៉ង់ផងដែរ។
ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត ឬជនរងគ្រោះណាម្នាក់ នោះទេ…!។
ចំណែក ខាងកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់វិញ បានអះអាងថា៩០ភាគរយនៃមីស៊ីលរបស់ខ្លួន បានវាយប្រហារចំគោលដៅ ។
ហើយខ្លួនក៏បានបាញ់មីស៊ីលល្បឿនលឿនជាងសំឡេង Fattah ជាលើក ដំបូងផងដែរ នៅក្នុងការវាយប្រហារលើអ៊ីស្រាអែល ។
ដើម្បីជាការសងសឹកឱ្យវិញ្ញាណក្ខន្ធរបស់មេដឹកនាំហាម៉ាស់ លោក Ismail Haniyeh មេដឹកនាំហេសបូឡា លោក Hassan Nasrallah និងមេបញ្ជាការអ៊ីរ៉ង់ លោក Nilforoshan ដែលសុទ្ធតែត្រូវបានអ៊ីស្រាអែលសម្លាប់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីរ៉ង់កំពុងប្រព្រឹត្តកំហុសមួយដ៏ធំហើយ ។
លោកនឹងសងសឹក ចំពោះអ្នកដែលហ៊ានវាយប្រហារលើ អ៊ីស្រាអែល ស្របពេលសហរដ្ឋអាមេរិក ប្រកាសគាំទ្រអ៊ីស្រាអែល៕