ក្រុមហេសបូឡា បានអះអាងពីការប៉ះទង្គិចគ្នា ជាមួយកងទ័ពអ៊ីស្រាអែលតាមផ្លូវគោក នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃពុធ(ទី២ខែតុលា)។
-នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
យោធាអ៊ីស្រាអែល ក៏បានបញ្ជាក់ថា កងទ័ពថ្មើរជើង និងរថពាសដែកកំពុង ចូលរួមក្នុងប្រតិបត្តិការ។ មេបញ្ជាការកងទ័ពអ៊ីស្រាអែលម្នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នានេះ។
ការប្រយុទ្ធគ្នា បានកើតឡើងមួយថ្ងៃ បន្ទាប់ពីអ៊ីរ៉ង់ បាញ់មីស៊ីលជាង ១៨០គ្រាប់ មកលើអ៊ីស្រាអែល ជាការសងសឹកចំពោះប្រតិបត្តិការរបស់អ៊ីស្រាអែលមកលើលីបង់ ដែលសម្លាប់មេដឹកនាំកំពូល របស់ក្រុមហេសបូឡា។
ក្រុមហេសបូឡា បានអះអាងថា ខ្លួនបានប្រយុទ្ធជាមួយកងទ័ពអ៊ីស្រាអែល នៅក្នុងទីក្រុងព្រំដែន Maroun el-Ras និងបានរុញច្រានកងកម្លាំងអ៊ីស្រាអែល នៅជិតទីក្រុងព្រំដែនមួយផ្សេងទៀត។
ក្រុមនេះក៏បានអះអាងថា បានបាញ់រ៉ុក្កែត ទៅកាន់ប៉ុស្តិ៍យោធាអ៊ីស្រាអែលផងដែរ។
អ្នកនាំពាក្យក្រុមហេសបូឡា បាននិយាយថា ការប្រយុទ្ធនេះគ្រាន់តែជា ជុំទីមួយប៉ុណ្ណោះ ហើយក្រុមនេះមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល៕