(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ សូមធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ពីស្រុកកំណើតទៅកាន់ទីកន្លែងនានាទូទាំងប្រទេស និងសូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងជោគជ័យគ្រប់ភារកិច្ច ។
សម្ដេចធិបតី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ ក្រសួង-ស្ថាប័ន វិស័យឯកជន និងក្រុមការងារពាក់ព័ន្ធទាំងអស់។
ដែលបានរៀបចំរថយន្តក្រុងចំនួន ៦៥៣ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋយើង ទៅមកពីរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីចូលរួមប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌជាមួយក្រុមគ្រួសារ ដោយមិនមានការបង់ថ្លៃ ។
សូមបញ្ជាក់ថា សម្រាប់លោកតាលោកយាយ អ៊ំពូមីង បងប្អូន និងក្មួយៗ ដែលត្រូវធ្វើដំណើរត្រលប់មករាជធានីភ្នំពេញ សូមមើលតារាងកម្មវិធី និងទីតាំង មានភ្ជាប់ជូន ដើម្បីទទួលបានសេវាកម្មរថយន្តក្រុងរៀបចំ ដោយរដ្ឋបាលរាជធានីភ្នំពេញ៕