រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែតុលា)ថា មនុស្ស៤នាក់បានស្លាប់ និង២៤នាក់ទៀតរងរបួស…!។
ដោយសារកងកម្លាំងអ៊ុយក្រែន ប្រើកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក វាយប្រហារ លើតំបន់ព្រំដែន Belgorod នៃប្រទេសរុស្ស៊ី។
អភិបាលខេត្ត Vyacheslav Gladkov បាននិយាយនៅក្នុងវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើ Telegram ថា មនុស្ស៤នាក់ជាជនស៊ីវិល បានស្លាប់ដោយសារការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ហើយជនស៊ីវិល ២៤នាក់បានរងរបួស។
មុននេះ Gladkov បាននិយាយថា ការការពារដែនអាកាសរបស់រុស្ស៊ីត្រូវបានធ្វើឱ្យសកម្មលើទីក្រុង Stary Oskol ដែលស្ថិតនៅចម្ងាយជាង 110 គីឡូម៉ែត្រ (ជាង 68 ម៉ាយ) ភាគឦសាននៃទីក្រុង Belgorod ។
ដោយឡែក ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ការការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ១១៣ គ្រឿងពេញមួយយប់ ក្នុងនោះ៧៣ គ្រឿងត្រូវបានស្ទាក់ចាប់នៅតំបន់ Belgorodផងដែរ។
ក្រសួងបានអះអាងបន្ថែមទៀតថាយន្តហោះគ្មានមនុស្សបើកចំនួន 25 គ្រឿងត្រូវបានបាញ់ទម្លាក់ពីលើតំបន់ Voronezh ។
ខណៈដែល 14 គ្រឿងផ្សេងទៀតត្រូវបានទម្លាក់ពីលើតំបន់ Kursk ហើយយន្តហោះគ្មានមនុស្សបើកមួយទៀតត្រូវបានស្ទាក់ចាប់នៅតំបន់ Bryansk ។
ទោះជាយ៉ាងណា អាជ្ញាធរអ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការវាយប្រហារនេះឬការអះអាងនោះទេ៕