ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍កាលពីថ្ងៃសុក្រ(ទី១១ខែតុលា)ថា ប្រទេសចិន បានបញ្ជូនក្រុមអ្នកស៊ើបអង្កេតទៅកាន់ទីក្រុង Islamabad ។
ដើម្បីចូលរួមក្នុងការស៊ើបអង្កេត លើការសម្លាប់ជនជាតិរបស់ខ្លួន ២នាក់នៅក្នុងការវាយប្រហារអត្តឃាតនាពេលថ្មីៗនេះ នៅទីក្រុងកំពង់ផែភាគខាងត្បូង នៃប្រទេសប៉ាគីស្ថាន..!។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា ក្រុមការងារអន្តរទីភ្នាក់ងារមួយត្រូវបានបញ្ជូនទៅកាន់ទីក្រុង Islamabad ហើយកំពុងទាក់ទងជាមួយអ្នកស៊ើបអង្កេតប៉ាគីស្ថាន។
ក្រុមការងារបានជួបប្រជុំយ៉ាងយកចិត្តទុកដាក់ជាមួយប្រមុខក្រសួងការបរទេសប៉ាគីស្ថាន ក្រសួងមហាផ្ទៃ និងយោធា ប៉ូលីស និងនាយកដ្ឋានចារកម្ម ហើយបានស្នើឱ្យភាគីប៉ាគីស្ថានដោះស្រាយរឿងដែលកើតឡើងក្រោយៗមកឱ្យបានត្រឹមត្រូវ ខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីជួយសង្គ្រោះអ្នករបួស ធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់។
នាំជនល្មើសទាំងអស់មកកាត់ទោស និងបង្កើនវិធានការសន្តិសុខ ដើម្បីធានាសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក ស្ថាប័ន និងគម្រោងរបស់ចិននៅក្នុងប្រទេសប៉ាគីស្ថាន”។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ប្រទេសប៉ាគីស្ថានបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ ដោយបានស៊ើបអង្កេតឧប្បត្តិហេតុ និង ផ្ដួលរំលំ ជនល្មើស។
គួររំលឹកថា កាលពីថ្ងៃអាទិត្យ មនុស្សយ៉ាងតិចបីនាក់ ក្នុងនោះរួមមានជនជាតិចិនពីរនាក់ ត្រូវបានសម្លាប់ និង 17 នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារអត្តឃាតនៅជិតអាកាសយានដ្ឋានអន្តរជាតិ Jinnah ក្នុងទីក្រុង Karachi ។
ប៉ូលិសបានរាយការណ៍ថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតតែម្នាក់ឯងបានបើករថយន្តផ្ទុកគ្រឿងផ្ទុះចូលទៅក្នុងក្បួនដែលដឹកជនជាតិចិន។
ក្នុងចំណោមអ្នករបួសមានបុគ្គលិកសន្តិសុខដែលអមក្បួនរថយន្ត។
ក្រោយមកប្រធានាធិបតី Asif Ali Zardari នាយករដ្ឋមន្ត្រី Shehbaz Sharif និងរដ្ឋមន្ត្រីមហាផ្ទៃ Mohsin Naqvi បានទៅទស្សនកិច្ចនៅស្ថានទូតចិនក្នុងទីក្រុង Islamabad ដោយថ្កោលទោសការវាយប្រហារនេះ និងធានាដើម្បីនាំជនល្មើសមកកាត់ទោស៕