(ហាណូយ)៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បានអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) និងសហការី ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។
ក្នុងជំនួបនេះ លោក ជិន បា សឿង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានសម្តែងនូវការអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លើកទី៤៤ អាណត្តិទី៥ បោះឆ្នោតជ្រើសតាំង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ។
ទន្ទឹមគ្នានេះ លោក ជិន បា សឿង ក៏បានជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ជាពិសេស ការដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា ។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងការវាយតម្លៃខ្ពស់ចំពោះការបណ្តាក់ទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យកសិកម្មនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ ។
ដោយឡែក សម្តេចធិបតី ក៏បានរំឭកអំពីវិធានការមុតស្រួចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅ ។
ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ នៅក្នុងការធ្វើធុរកិច្ច ដោយសំដៅធ្វើយ៉ាងណាទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀត ទាំងប្រភពក្នុងស្រុក និងមកពីបរទេស ៕